(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់ការយកចិត្តទុកដាក់យ៉ាងគត់មត់ តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋ អាម៉េរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយ សមស្របជាមួយសហរដ្ឋអាម៉េរិក។

ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនអំពីវឌ្ឍនភាពចុងក្រោយ លើការអនុវត្តពន្ធគយបដិការ ដូចខាងក្រោម៖

១៖ យោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជានឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។

២៖ រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមាន ពីភាគីសហរដ្ឋអាម៉េរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងលិខិតរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា។

៣៖ ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ៕