(សៀមរាប)៖ និស្សិតជនជាតិចិនប្រមាណជាង ៤០នាក់ ដែលកំពុងសិក្សាភាសាខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវប្បធម៌ និងអរិយធម៌ខ្មែរ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានអង្គរក្នុង ខេត្តសៀមរាប រយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនោះដែរ ក៏មានការចូលរួមពីលោក ទូច ផារ៉ា ព្រឹទ្ធបុរសរងមហាវិទ្យល័យសង្គមសាស្រ្ត-មនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងនិស្សិតជនជាតិចិន ជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ទូច ផារ៉ា បានលើកឡើងថា លើកនេះមិនមែនជាលើកទីមួយទេ ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំដំណើរទស្សនកិច្ចសិក្សាដល់និស្សិតបរទេស។

លោកបានបន្តថា បន្ទាប់ពីដំណើរទស្សនកិច្ចសិក្សារួចមក គឺនិស្សិតមានអារម្មណ៍សប្បាយរីកជាខ្លាំង ដោយសារពួកគេមករៀនភាសាខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល១ឆ្នាំហើយ។ ក្រៅពីបង្រៀនភាសាខ្មែរ យើងក៏បង្រៀនអំពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ និងរបៀបរបបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបង្រៀនអំពីប្រវត្តិនៃប្រាសាទបុរាណរបស់ខ្មែរផងដែរ។

លោកបន្តថា នៅពេលគេសិក្សានៅក្នុងថ្នាក់​ គឺមិនសូវជាយល់ប៉ុន្មានទេ ប៉ុន្តែនៅពេលមកឃើញផ្ទាល់ គេយល់ច្បាស់​ ដោយមានអារម្មណ៍រំភើប និងមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមិទ្ធផលមរតកដូនតារបស់ខ្មែរយើង។ បច្ចុប្បន្ននេះ មាននិស្សិតចិនជាង ១០០នាក់ ដែលមកពីសាកលវិទ្យាល័យផ្សេងៗ កំពុងសិក្សាភាសាខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកព្រឹទ្ធបុរសរងបានបន្តទៀតថា សម្រាប់ដំណើរទស្សនកិច្ចនេះដែរ គឺមានចំនួន៣គោលដៅ ទី១- នៅរមណីយដ្ឋានប្រាសាទសម្បូរព្រៃគុក, ទី២- រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងទី៣- បឹងទន្លេសាប ជាពិសេស នៅតំបន់ប្រជាសហគមន៍កំពង់ភ្លុក នៅស្រុកប្រាសាទបាគង។ ក្នុងនោះប្រាសាទដែលបានទស្សនា រួមមាន៖ ប្រាសាទបក្សីចាំក្រុង, ខ្លោងទ្វាទន្លេអុំ, ប្រាសាទបាយ័ន, ប្រាសាទបាពួន, ប្រាសាទភិមានអាកាស, ប្រាសាទតាព្រហ្ម, ប្រាសាទអង្គរវត្ត និងទស្សនាថ្ងៃលិចនៅលើប្រាសាទភ្នំបាខែងផងដែរ។

យុវតី FENG RONG RONG និងយុវតី LI QIN HONG ដែលមកដំណើរទស្សនកិច្ចសិក្សាបានលើកឡើងថា អក្សរសាស្រ្តខ្មែរ គឺជាអក្សរសាស្រ្តគាត់ស្រឡាញ់ និងចូលចិត្ត ដូច្នេះហើយ ដំណើរទស្សនកិច្ចសិក្សានេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់បន្ថែមពីវប្បធម៌ និងអរិយធម៌ខ្មែរ។ បច្ចុប្បន្ននេះ យុវតីទាំង២ កំពុងសិក្សាអក្សរសាស្រ្តខ្មែរបានរយៈពេល១ឆ្នាំហើយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃអនាគតពួកគេក៏ចង់មកធ្វើការងារ និងរស់នៅស្រុកខ្មែរផងដែរ។

យុវតីទាំងពីរ ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានរៀបចំ ដំណើរទស្សនកិច្ចនេះឡើង ដើម្បីឲ្យពួកគេបានយល់បន្ថែមពីអក្សរសាស្រ្តខ្មែរ និងវប្បធម៌ អរិយធម៌ ជាពិសេសបង្កើតបរិយាកាសកាន់តែសប្បាយរីករាយដល់ពួកគេផងដែរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះជួយសម្របសម្រួលដោយក្រុមហ៊ុន ឆាយភល ទេសចរណ៍ (CHISEPLE TRAVEL @ TOURS CO. LTD) ដែលជួយសម្របសម្រួលដំណើរទស្សនកិច្ចគ្រប់ទីកន្លែង ប្រកបដោយគុណភាព និងសេវាកម្មល្អ ព្រមទាំងមានទំនួលខុសត្រូវខ្ពស់ផងដែរ។

ជាមួយគ្នានេះដែរ លោក ទូច ផារ៉ា បានថ្លែងអំណរគុណចំពោះ លោកសាស្រ្តាចារ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលលោកបានណែនាំឲ្យមានកម្មវិធីដំណើរទស្សនកិច្ចនេះឡើង និងថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អាជ្ញាធរប្រាសាទសំបូរព្រៃគុក និងអាជ្ញាធរជាតិអប្សរា ដែលបានអនុញ្ញាតិឲ្យនិស្សិតជនជាតិចិនទាំងអស់ ចូលទស្សនាដោយឥតគិតថ្លៃផងដែរ៕