(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានចូលរួមកម្មវិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ និងថ្នាក់ដឹកនាំមន្ទីរ បងប្អូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមហាគ្រួសារមន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីអបអរសាទរអំណរឆ្នាំថ្មីនាពេលខាងមុខ និងជាពិសេសដើម្បីបង្ហាញពីស្មារតីនឹករលឹក សាមគ្គីគ្នាយ៉ាងរឹងម៉ាំរវាងលោកអ៊ុំ លោកពូ អ្នកមីង ជំនាន់មុន និងអ្នកបន្តវេន។
ក្នុងឱកាសនោះលោក សរ សុដានី បានថ្លែងថា ស្នាដៃអ្នកជំនាន់មុន អ្នកជំនាន់ក្រោយជាអ្នកថែររក្សាហើយបន្តពង្រឹងពង្រីកស្នាដៃថ្មីៗ និងបង្កើតសមិទ្ធិផលថ្មីៗឲ្យកាន់សម្បូរបែប និងរីកចំរើនបន្ថែមទៀត។
លោកបានគូសបញ្ជាក់ថា មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មី ដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលា នៃការរៀបចំបុណ្យនេះ បែ្លកៗគ្នាស្របទៅតាម ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំ តាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក។
លោកបានបន្ថែមថា នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តស្វាយរៀង ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជន នឹងរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥ ដូច្នេះសូមពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមលេងកម្សាន្តសង្ក្រាន្តស្វាយរៀងឲ្យបានច្រើនកុះករ៕