(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន BYD នឹងចាប់ផ្តើមសង់រោង​ចក្រដំឡើងរថយន្តនៅកម្ពុជានាចុងខែមេសា ឆ្នាំ២០២៥នេះហើយ ខណៈប្រតិបត្តិការដំឡើងអាចនឹងចាប់នៅចុងឆ្នាំ២០២៥។

BYD ជារថយន្តអគ្គិសនីដ៏ល្បីរបស់ចិន។ ព័ត៌មាននៃការបង្កើត​រោង​ចក្រ​ដំឡើងរថយន្តនៅកម្ពុជាបានលេចឮយូរណាស់មកហើយ។ ពេលនេះកាលបរិច្ឆេទនៃការចាប់ផ្តើមដំឡើងរោងចក្របានបញ្ជាក់ច្បាស់លាស់ហើយ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd. ដឹកនាំដោយលោក Xiao Haiping នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD (Executive Director of BYD Group President’s Office) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ គណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​កិច្ចសម្របសម្រួលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូងនៃការចូលមកកាន់ទីផ្សារកម្ពុជា រហូតឈានដល់ការត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាចុងខែមេសាខាងមុខនេះ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្ស​រីករាយចំពោះការជ្រើសរើសកម្ពុជា ជាមូលដ្ឋានដំឡើងរថយន្ត BYD មួយបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល គឺតែងតែត្រៀមលក្ខណៈរួចរាល់ជាស្រេចក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត។

លោកឧបនាយករដ្ឋមន្ត្រីបង្ហាញក្តីរំពឹងថា បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុន BYD នឹងបើករោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេស​ខេត្ត​ព្រះសីហនុ។

លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការដំឡើងផលិតរថយន្ដ ក្រុមហ៊ុននឹងអាចដំឡើង​រថយន្ដ​ចន្លោះពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននឹងអាចនឹងដំឡើងផលិតចំនួន ២ប្រភេទរថយន្ដ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី៕