(ភ្នំពេញ)៖ ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ដើម្បីមកលេងស្រុកកំណើត។ ជាការកត់សំគាល់ពលករ បានលើកឡើងថា ការធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ពុំមានការបង់ប្រាក់លើសេវាចេញ-ចូល នោះទេ និងឃើញមានក្រុមការងាររបស់ក្រសួងការងារ នៅរង់ចាំជួយសម្របសម្រួលអន្តរាគមន៍ដល់ការបំពេញឯកសារនានារបស់ពលករផងដែរ។ នេះគឺជាកាដូរបស់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ សម្រាប់ពលករខ្មែរអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
កញ្ញា មាន ស្រីណុក ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការចូលមកប្រទេសកម្ពុជា នៅតាមច្រកព្រំដែនអន្តរជាតិពុំមានការបង់ប្រាក់លើសេវាចេញ-ចូលនោះទេ។ កញ្ញាសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ ដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ វាអាចជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករដែលកំពុងវិលមកប្រទេសកម្ពុជាវិញ។ កញ្ញាសូមអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណសម្តេច ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារ ជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែងតម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ។ នេះជាការយកចិត្តទុកដាក់ និងដឹងសុខទុក្ខពីសំណាក់រដ្ឋាភិបាលមកលើពលករពួកយើង។
ដោយឡែកលោក តុលា ជាពលករខ្មែរម្នាក់ទៀត បានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ-ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺជួយច្រើនណាស់ដល់ពលករ ពីព្រោះវាអាចកាត់បន្ថយចំណាយបានមួយចំណែកធំផងដែរ។ លើសពីនេះ វាជាកត្តាមួយដែលជំរុញពលករខ្មែរនៅប្រទេសថៃបានមកលេងគ្រួសារ មកជួបជុំបងប្អូនជិតឆ្ងាយ អំឡុងពេលចូលឆ្នាំ។ លោកសប្បាយរីករាយណាស់នៅពេលធ្វើដំណើរទៅលេងស្រុកកំណើតនៅឆ្នាំនេះ ដោយមិនមានការបង់ថ្លៃសេវាចេញ-ចូល នៅតាមច្រកព្រំដែនទាំងទៅទាំងមក។ លោកសូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ-ចូល តាមព្រំដែនជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥មក ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រចាំការរង់ចាំសម្រួលសម្រួលជាមួយក្រុមការងារ នៃច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ជាពិសេនៅច្រកទ្វារព្រំដែនអន្តរជាតិដូង (បានឡែម) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមជម្រាបដែរថា ការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) ចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាការឯកភាពព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក៕