(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រណាំងរទេះគោសាឡី ដែលរៀបធ្វើឡើងនៅទីតាំងមុខមន្ទីរអប់រំខេត្ត ដែលស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីរាជការព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។

បើយោងតាមគណៈកម្មាធិការរៀបចំការប្រកួត រទេះគោសាលីដែលចូលរួមប្រណាំង មានចំនួន២៥នឹម មកពីខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងមកពីរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការរៀបចំពិធីនេះ ក្នុងគោលបំណងរក្សាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងអត្តសញ្ញាញជាតិខ្មែរ ឲ្យប្រជាពលរដ្ឋបានដឹងបានស្គាល់ ជាពិសេសយុវជនជំនាន់ក្រោយ ចេះរក្សាការពាវប្បធម៌ប្រពៃណីល្អផូរផងរបស់ខ្មែរយើងពីបូរាណមក ដូចពាក្យស្លោកមួយបានលើកឡើង «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»

បើតាមលោកអភិបាលខេត្តតាកែវ ការរៀបចំពីប្រណាំងគោសាឡីឡើង ក៏ដើម្បីបង្កការសប្បាយរីករាយដល់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នៅមុនពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលមកដល់ខាងមុខឆាប់ៗនេះផងដែរ៕