(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានប្រារព្ធពិធីសូត្រមន្តប្រោះព្រំ ព្រឹត្តិការណ៍មហាសង្ក្រាន្តឆ្នាំ២០២៥ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងមានការចូលរួមពីព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីរាជការ ប្រធាន និងអនុប្រធានថ្នាក់ជាច្រើនអង្គ/នាក់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ពិធីនេះរៀបចំឡើងដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការដល់គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និស្សិត និងដំណើរការបណ្តុះបណ្តាលធនធានមនុស្ស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឱ្យប្រកបដោយភាពជោគជ័យ។

ជាងនេះទៅទៀត គណៈគ្រប់គ្រង សាស្ត្រាចារ្យ ព្រមទាំងសមណនិស្សិត និស្សិតប្រមាណជា ៣,៨៤៥ អង្គ/នាក់ បានប្រារព្ធពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបុណ្យចម្រើនព្រះរាជជន្មវស្សា គម្រប់៦ជុំ វិលដល់ឆ្នាំម្សាញ់ ថ្វាយព្រះពរ ព្រះករុណា ជាអម្ចាស់ គម្រប់ព្រះរាជជន្មវស្សា ៧២ព្រះវស្សា យាងចូល ៧៣ព្រះវស្សា នៅវេលាម៉ោង ១៥:០០ នាទី ដោយមានប្រារព្ធកម្មវិធីបួងសួង ថ្វាយព្រះពរ ប្រារព្ធពុទ្ធសាសនពិធីនមស្ការ សមាទានសិល ចម្រើនព្រះបរិត្តពុទ្ធមន្ត និងសម្តែងធម្មទេសនាអប់រំស្របតាមប្រធានបទ «យុវជន PSB University ប្តេជ្ញារក្សាការពារសន្តិភាព»។

លើសពីនេះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩៖៣០នាទីព្រឹក ក៏មានប្រារព្ធពុទ្ធសាសនពិធីនមស្ការ សមាទានសីល វេភត្តាហាថ្វាយព្រះសង្ឃ និងយាងនិមន្តព្រះសង្ឃចំនួន ១៧៣ ថ្វាយព្រះពរ ព្រះករុណា ជាអម្ចាស់ ផងដែរ៕