(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ ពិសេសសូមឱ្យដំណើរការព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ២០២៥» បានប្រព្រឹត្តទៅដោយរលូន និងបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ។
ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ក្បែរនឹងផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គស.២០២៥ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ លោក ខូយ រីដា ក៏បានបួងសួងសុំឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ សូមតាមជួយថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឱ្យបម្រើការងារជូនរាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ ប្រជាពលរដ្ឋមានមុខរបរ បង្កបង្កើនផល ទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺដ៏កាចសាហាវផ្សេងៗ។
ម្យ៉ាងវិញទៀតសូមបារមី លោកឧកញ៉ា និងជំទាវ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (សត្វខ្លា) ជាយានជំនិះ និងបារមីរក្សាការពារ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមតាមជួយថែរក្សាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំផ្សេងៗទៀត សូមទទួលបានជោគជ័យតទៅមុខជានិច្ចនិរន្តន៍ ជាពិសេសសូមឱ្យខេត្តពោធិ៍សាត់មានការអភិវឌ្ឍន៍ទៅមុខជាលំដាប់។
ក្នុងថ្ងៃដដែលនោះ លោក ម៉ក់ រ៉ា, លោក ខូយ រីដា និងលោកស្រី អាំង សុជាតា ខូយរីដា ក៏បានថ្វាយទាន ធូប និងគ្រឿងរន្តាប់បូជា ជូនព្រះអង្គចៅសែនចុងកោះ, លោកតាក្បាលកោះសំពៅមាស និងព្រះអង្គចៅសែនក្នុងបរិវេណសាលាខេត្ត ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើនបន្ថែមទៀតផងដែរ។
គួរជម្រាបជូនថា នាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ២០២៥» ចំនួន៤ទីតាំងគឺ៖ ទី១-នៅលើបុរីវប្បធម៌កោះសំពៅមាស, ទី២-ទីធ្លាខាងមុខសាលាខេត្ត, ទី៣-សួន១៤មករា និងទី៤-ពហុកីឡាដ្ឋានខេត្ត។ ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តពោធិ៍សាត់ ២០២៥នេះ គឺជាការចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបរិបទប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀតដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។
ព្រឹត្តិការណ៍នេះ ក៏មានការប្រគំុតន្ត្រីប្រពៃណី និងសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៌បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដែលមានការចូលរួមសម្តែងដោយ លោកស្រី ឱក សុគន្ធកញ្ញា, លោក ណុប បាយ៉ារិទ្ធ, លោក លឹម តិចម៉េង និងតារាល្បីៗជាច្រើនទៀត។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តពោធិ៍សាត់៕