(ភ្នំពេញ)៖ ចាប់ផ្ដើមពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញឌីជីថលលើប្រធានបទ «អក្ខរកម្មព័ត៌មាន ទិន្នន័យ និងសន្តិសុខសាយប័រ» ជូនដល់មន្ត្រីកសិកម្មឃុំ ចំនួន ១០០០រូប ក្រោមការគាំទ្រថវិកាបណ្ដុះបណ្ដាលដោយមូលនិធិ ស.អ. របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការស្នាក់នៅ និងអាហារ របស់មន្ត្រីកសិកម្មឃុំ ដោយអង្គការ GIZ។ វគ្គបណ្ដុះបណ្ដាលនេះគ្រោងបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយបែងចែកជា ២០ក្រុម។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់មន្ត្រីរាជការ អំពីអក្ខរកម្មទិន្នន័យ សន្តិសុខសាយប័រ ឯកជនភាពទិន្នន័យ កម្មវិធីផលិតភាពនានា និងវិធានការការពារ ទាំងលើឧបករណ៍ និងប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចឱ្យមន្ត្រីរាជការបំពេញកិច្ចការរបស់ខ្លួនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងអាចប្រើប្រាស់ទិន្នន័យជាគោលក្នុងការសម្រេចចិត្តនានា ជាពិសេសចូលរួមការកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នៅក្នុងឆ្នាំ២០២៤ វិទ្យាស្ថាន ក៍ធ្លាប់បានបើកវគ្គបណ្ដុះបណ្ដាលខាងលើ ជូនមន្ដ្រីកសិកម្មឃុំចំនួន ២៥០នាក់ ផងដែរ៕