(ភ្នំពេញ)៖ គ្រួសារសម្រាលកូនភ្លោះ៣ ឬ៤ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានផ្តល់អំណោយដើម្បីជួយដោះស្រាយការលំបាកនៅពេលសម្រាល។ នៅពេលនេះ គ្រួសារទទួលបានកូនភ្លោះ៣ ទទួលបានការយកចិត្តទុកដាក់បន្ថែមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផងដែរ។
នៅរសៀលថ្ងៃទី១០ ខែមករាឆ្នាំ២០២៥ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំយកអំណោយដ៏សប្បរសធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត យកទៅជូនផ្ទាល់ដៃដល់ប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាក្មួយៗរបស់សម្តេចមហាធិបតី និងលោកជំទាវបណ្ឌិត កំពុងសំរាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
អំណោយដ៏សប្បសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ ថវិកា១០លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។
កូនភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត នៅពេលនេះជាកូនលើកដំបូង ដែលមានឪពុកឈ្មោះ គឹម កន អាយុ ៣៦ឆ្នាំ ម្តាយឈ្មោះ សេង សុខណាន់ អាយុ ២៨ឆ្នាំ អ្នកទាំងពីរមានមុខរបរជាគ្រូបង្រៀន មានលំនៅដ្ឋានរស់នៅរស់នៅភូមិព្រៃវែង ឃុំទ្រៀន ស្រុកតាំងគោគ ខេត្តខេត្តកំពង់ធំ។
កូនភ្លោះទាំងបីនាក់ (ប្រុសម្នាក់ និងស្រី២នាក់) នេះ ប្រសូត្រនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
នៅចំពោះមុខគ្រួសារកូនភ្លោះបី លោក សេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំង៣ និងលោកជំទាវ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។
លោកនាយករងខុទ្ទកាល័យមានប្រសាសន៍ឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង ២៦ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន ៤២៥គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
លោក សេង ទៀង បានលើកឡើងថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រកូនភ្លោះបី ឬបួននាក់។
លោកនាយករងខុទ្ទកាល័យ មានប្រសាសន៍ផងដែរថា ដោយក្តីអាណិតស្រឡាញ់ពីសម្តេចមហាធិបតី និងលោកជំទាវបណ្ឌិត សម្តេច និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដើម្បីជួយសំរាលដល់ការលំបាករបស់គ្រួសារដែលទទួលបានកូនភ្លោះបីនាក់ និងជាគ្រួសារលើកទី១ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចមហាធិបតី និងលោកជំទាវបណ្ឌិត។
លោក សេង ទៀង បានណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់កូនឱ្យបានគត់មុន ពោលប្រសិនបើកូនមានអាការៈអ្វីខុសពីប្រក្រតី សូមរាយការណ៍ជូនក្រុមគ្រូពេទ្យប្រចាំការ និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ប្រសិនបើអនុញ្ញាតឱ្យចាកចាញពីមន្ទីរពេទ្យ ចាំនាំកូនៗទៅកាន់លំនៅដ្ឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតរបស់កូន។
តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទាល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេចទាំង៣ និងលោកជំទាវបណ្ឌិត ហើយបានចាត់តំណាងរបស់សម្តេចនាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្រកូនភ្លោះបីនាក់ ដើម្បីជួយសំរាលដល់ការលំបាក់ក្នុងការចិញ្ចឹមបីបាច់កូនភ្លោះទាំងបីនាក់នេះ ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕