(ភ្នំពេញ)៖ ឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា បានប្រកាសប្រឹង​ប្រែងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ឱ្យកាន់តែល្អ​ប្រសើរ ព្រមទាំងប្រកាសជំរុញអ្នកវិនិយោគរបស់ខ្លួនទៅកាន់ខេត្ត​ភាគ​ឦសានរបស់កម្ពុជាផងដែរ។

លោក Tull TRAISORAT ឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំនៅ​កម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសរូបលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ។

លោក Tull TRAISORAT បានបង្ហាញក្តី​សោមនស្ស​រីករាយ​ និង​មាន​កិត្តិយស​ ដែលត្រូវ​បានតែងតាំងជាឯកអគ្គរាជទូត​របស់​​ថៃប្រចាំកម្ពុជា។ លោកឯកអគ្គរាជទូតបាន​សម្តែង​ការ​ពេញចិត្ត​ចំពោះទំនាក់ទំនងដ៏ល្អ  និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជា​អ្នក​ជិតខាងល្អ។

លោកឯកអគ្គរាជទូតបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួប៧៥ឆ្នាំ​នៃទំនាក់​ទំនងការទូតថៃ​-កម្ពុជា ហើយចំណងមិត្តភាព​ និងកិច្ចសហ​ប្រតិបត្តិកា​រ​​រវាងប្រទេសទាំងពីរក៏កាន់តែមានភាពរឹងមាំ និងរីកចម្រើនជាបន្ត​បន្ទាប់​។

លោកឯកអគ្គរាជទូតក៏បានអបអរសាទរ​ដល់កម្ពុជា​ដែលបាន​ដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ លោកឯកអគ្គរាជទូត បានអះអាងថា លោក​នឹងខិតខំទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនថៃឱ្យស្វែង​ឱកាស​វិនិ​យោគ​នៅក្នុងខេត្តទាំងបួននេះ។ 

លោកឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត​ និងខិតខំជំរុញ​ ពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុង​ក្រប​ខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និង ក្រសួង-ស្ថាប័ន វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន​ផងដែរ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសាទរ​ចំពោះ​លោក Tull TRAISORAT ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​កម្ពុជា។ សម្ដេចមហាបវរធិបតី បានបង្ហាញ​ជំនឿ​យ៉ាងមុតមាំថា ក្នុងតួនាទីជាឯកអគ្គរាជទូតប្រចាំកម្ពុុជា​ លោក​នឹងចូលរួមចំណែកដល់ការពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ និងកិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្ដេចមហាបវរធិបតីបានលើកទឹកចិត្តដល់លោកឯកអគ្គរាជទូតឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បី​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់​តែប្រសើរ​ឡើងទៀត។

សម្ដេចមហាបវរធិបតី និងលោកឯកអគ្គរាជទូត​ ក៏បានពិភាក្សាគ្នាអំពី​ការ​ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិ៍៖ វិស័យ​សេដ្ឋ​កិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារ​ជាតិ​ និងសន្តិសុខ,​ ទេសចរ​ណ៍ និងការតភ្ជាប់រវាងវិស័យឯកជន និងឯកជនជាដើម៕