(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការលើគំនិតផ្តួចផ្តើមចំនួនពីរ ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជា។
វេទិកានេះ មានការអញ្ជើញចូលរួម ពីលោក អ៉ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍ជាច្រើននាក់។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវសេចក្តីពេញចិត្ត និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍបៃតង សម្រាប់កម្ពុជា ក្នុងប្រព័ន្ធកសិ-ចំណីអាហារ និងការកាត់បន្ថយប្លាស្ទិក ដែលជាមូលដ្ឋាននៃការអភិវឌ្ឍដោយចីរភាព។
លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សំណល់ប្លាស្ទិក អាចបង្កហានិភ័យយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈជាសកល។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានរកឃើញថាផលប៉ះពាល់នៃណាណូ (Nano) និងមីក្រូប្លាស្ទិក (Micro) បានបង្កគ្រោះថ្នាក់យ៉ាងដល់ជីវៈចម្រុះ និងសុខភាពរបស់មនុស្ស។
លោករដ្ឋមន្រ្តីបានថ្លែងថា តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការ ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជាជាអាទិ៍ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានសធារណៈជនចូលរួមប្រមាណជិត ១១លាននាក់ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានប្លាស្ទិក»។ ក្នុងនោះដែរ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថាន ក្នុងការសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចគោលដៅនៅចុងឆ្នាំ២០២៥នេះ ផ្លូវជាតិទូទាំងប្រទេសនឹងស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា គំនិតផ្តួចផ្តើមថ្មីទាំងពីរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជាខាងលើ ដែលគាំទ្រដោយសហភាពអឺរ៉ុប នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះបញ្ហាប្លាស្ទិកទាំងនេះ ហើយជាពិសេសចូលរួមដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាមួយអន្តរជាតិ។
ដូចគ្នាដែរ លោក អារ៉ុន ប៊ូឆាន នាយកប្រចាំប្រទេស អង្គការភីផលអិននិតកម្ពុជា (People in Need) ក៏បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិឌ្ឍន៍ដូចជា អង្គការអង្គការភីផលអិននិតកម្ពុជា និងអង្គការឃែរកម្ពុជា (CARE Cambodia) ជាដើម ដើម្បីចូលរួម គាំទ្រដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដែលបានកំណត់ទស្សនវិស័យ ជាប្រទេសជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ហេតុដូចនេះ គំនិតផ្តួចផ្តើមទាំងពីរនេះមិនផ្តោត តែទៅលើការកាត់បន្ថយការបញ្ចេញកាបូន ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏កំពុងជំរុញឱ្យមានការផ្លាស់ប្តូនៅក្នុងប្រព័ន្ធគ្រប់គ្រងសំណល់ប្លាស្ទិក និងកសិកម្មរបស់កម្ពុជា ដើម្បីធានានូវអនាគតប្រកបដោយចីរភាព អាព្យាក្រិត្យកាបូន និងពង្រឹងភាពធន់ ស្របតាមមហិច្ឆិតានៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC) និងគោលដៅរយៈពេលវែងរបស់ប្រទេសកម្ពុជា៕