(ភ្នំពេញ)៖ រដ្ឋបាល Donald Trump របស់សហរដ្ឋអាមេរិក បានប្រកាសផ្អាករយៈពេល ៩០ថ្ងៃនៃការ អនុវត្តយកពន្ធដំឡើងលើទំនិញនាំចូលពីប្រទេសទាំងឡាយដែលបានស្នើសុំចរចា ជាមួយនឹងសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ។ តើការផ្អាកអនុវត្តពន្ធអាមេរិក រយៈពេល៩០ថ្ងៃ មានន័យយ៉ាងណាចំពោះកម្ពុជា? Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

រដ្ឋបាល Donald Trump របស់សហរដ្ឋអាមេរិក បានប្រកាសផ្អាករយៈពេល៩០ថ្ងៃ នៃការអនុវត្តយកពន្ធដំឡើងលើទំនិញនាំចូលពីប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយជាមួយនឹងសហរដ្ឋអាមេរិក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ប្រធានាធិបតី ត្រាំ បានសរសេរលើបណ្តាញសង្គមថា ប្រទេសដែលត្រូវបានផ្អាកការអនុវត្តពន្ធដំឡើងនោះ រួមមាន៧៥ប្រទេស លើកលែងតែសាធារណរដ្ឋប្រជាមានិតចិន ដែលសហរដ្ឋអាមេរិក បានដំឡើងពន្ធដល់១២៥% ខណៈចិនបានដាក់បង្កើនពន្ធលើទំនិញនាំចូលសហរដ្ឋអាមេរិកវិញដល់៨៤%។

វិធានការឆ្លើយតបបណ្តោះអាសន្នដល់កម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានចាត់វិធានការការទូតយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធ ៤៩% ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីមុននេះ លើការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានសរសេរថា «ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា១០% ក្នុងរយៈពេល៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចា ស្វែងរកដំណោះស្រាយជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមមានកម្ពុជាផងដែរ»

សេចក្តីប្រកាសព័ត៌មានបន្តថា «ដូចនេះ អត្រាពន្ធគយបដិការ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា១០%តែប៉ុណ្ណោះ»

ការផ្លាស់ប្តូរ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់រដ្ឋបាល ដូណាល់ ត្រាំ នេះ បានបន្ថែមជាបទពិសោធន៍មួយទៀតចំពោះកម្ពុជាជាមួយភាពទន់ភ្លន់នៃនយោបាយការទូតរបស់ខ្លួន ក្នុងបរិបទនៃពិភពលោកដែលកំពុង ប្រឈមសង្គ្រាមពាណិជ្ជកម្ម។ បទពិសោធន៍របស់កម្ពុជា បានបង្ហាញថា ទំនាក់ទំនងការទូតជាយុទ្ធសាស្ត្រ និងការការពារផលប្រយោជន៍ទៅវិញទៅមក គឺជាវិធីសាស្ត្រដែលអាចរក្សាទ្វារបើកចំហរបាន សូម្បីតែពេលវេលានេះ ស្ថិតចំពេលដែលមានការកើនឡើងនូវភាពគាំពារនិយមជាសកលយ៉ាងណាក៏ដោយ។

*ការឆ្លើយតបដោយភាពរហ័ស និងជាយុទ្ធសាស្ត្រ

នៅពេលដែលសហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធ ៤៩% លើការនាំទំនិញចូលរបស់កម្ពុជានោះ មានមនុស្សជាច្រើន បានបង្ហាញក្តីបារម្ភខ្លាចក្រែងអត្រាដំឡើងពន្ធនោះ នឹងបង្កផលប៉ះពាល់ដល់របត់សេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងវិស័យវាយនភណ្ឌនិងកសិកម្ម ដ៏សំខាន់របស់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ វិធានការឆ្លើយតបដោយភាពរហ័ស និងជាយុទ្ធសាស្ត្រជាជាងការសងសឹកដោយការបង្កើនពន្ធ ឬបង្កើននូវភាពតានតឹងនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រញាប់ចាត់វិធានការការទូតដ៏ទន់ភ្លន់ នៅក្នុងការឆ្លើយតបទៅវិញ។

ក្នុងសារលិខិតមួយរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកជំទាវ ចម និម្មល ផ្ញើជូនរដ្ឋបាលសហរដ្ឋអាមេរិក កម្ពុជាបានបង្ហាញជំហរការទម្លាក់ពន្ធផ្ទាល់របស់ខ្លួនលើផលិតផលអាមេរិកចំនួន ១៩មុខ ដោយកាត់បន្ថយអត្រាពន្ធចងកាតព្វកិច្ច Bound Rate អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្ត ៥% Applied Rate វិញតែប៉ុណ្ណោះ។ កាយវិការនេះ ធ្វើឡើងក្នុងស្មារតីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបង្ហាញអំពីសុច្ឆន្ទៈ និងបំណងប្រាថ្នាពិតប្រាកដរបស់កម្ពុជា ក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនា។

សារលិខិតរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែរ បានស្នើឱ្យរដ្ឋាភិបាលអាមេរិក បង្កើតយន្តការចរចា និងពន្យាពេលនៃកាលបរិច្ឆេទ្ធកំណត់នៃការអនុវត្តពន្ធ ដើម្បីអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការវាយតម្លៃដ៏ហ្មត់ចត់លើអភិក្រមជំនួស ដែលរក្សាបានទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការអភិវឌ្ឍប្រកបដោយចិរភាពរបស់កម្ពុជា។

សារលិខិតដដែលរបស់កម្ពុជានោះទៀត នៅបានបញ្ជាក់ការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាមេរិក សំដៅឈានទៅសម្រេចបានលទ្ធផលដែលផ្តល់ប្រយោជន៍ទៅវិញទៅមក។

បន្ថែមទៅលើសារលិខិតនោះដែរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងប្រសាសន៍បញ្ជាក់មួយនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ជុំវិញវិធានការរកដំណោះស្រាយបញ្ហាដំឡើងពន្ធនេះ បានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមបញ្ជួនមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដើម្បីធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកថែមទៀត នៅពេលណាដែលទទួលបានសញ្ញាយល់ព្រមណាមួយពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

២ថ្ងៃក្រោយប្រសាសន៍របស់សម្តេចបវរធិបតីនោះមក រដ្ឋបាលអាមេរិក ដូណាល់ ត្រាំ បានសរសេរលើបណ្តាញសង្គម បង្ហាញសញ្ញាតបមកវិញថា ប្រទសចំនួន៧៥ រួមទាំងកម្ពុជាផងដែរ គឺក្នុងរយៈពេល ៩០ថ្ងៃ នឹងមិនត្រូវឱ្យអនុវត្តលើការបង់ពន្ធដំឡើងទៅលើទំនិញនាំចូលឡើយ។ ការផ្លាស់ប្តូរនេះមិនមែនជាសម្បទានសាមញ្ញទេ ប៉ុន្តែជាភាពវិវត្តន៍នៃយុទ្ធសាស្រ្តមួយដែលបានឆ្លើយតបជាវិជ្ជ មានចំពោះសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការឆ្លើយតបរបស់សហរដ្ឋអាមេរិកនេះ គឺជាការជួយបង្កើតឱកាសមួយថែមទៀត សម្រាប់រដ្ឋាភិបាលកម្ពុជា ដែលត្រូវបន្តចរចាជាមួយនឹងសហរដ្ឋអាមេរិកដើម្បីស្វែងរកកិច្ចព្រមព្រៀងដ៏សមស្របមួយដើម្បីបំរើផលប្រយោជន៍នៃប្រទេសទាំង២។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មថ្ងៃទី១០ ខែមេសា បានសរសេរថា៖ «ក្រុមការងារអន្តរក្រសួង ស្ថាប័ន ចំពោះកិច្ចដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗខាងមុខនេះ»

*ការសម្រេច៩០ថ្ងៃ របស់សហរដ្ឋអាមេរិក គឺជាអន្លូងទូងលើនយោបាយទុច្ចរិតក្រុមជ្រុលនិយម

រយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈការប្រកាសដំឡើងពន្ធ ៤៩% លើការនាំទំនិញរបស់កម្ពុជា ចូលក្នុងសហរដ្ឋអាមេរិកនោះ ត្រូវបានមនុស្សជាច្រើននៅក្នុងប្រទេសបង្ហាញក្តីបារម្ភខ្លាចប៉ះពាល់ដល់ជីវភាពកម្មករនៅតាមរោងចក្រ និងសហគ្រាស ប៉ុន្តែក្រុមធ្វើនយោបាយជ្រុលនិយម បានឆ្លៀតធ្វើអាជីវកម្មនយោបាយលើការប្រកាសដំឡើងពន្ធ ៤៩% របស់សហរដ្ឋអាមេរិកនោះ។

សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច បាននិយាយបង្ហាញភាពត្រេកអររបស់ពួកគេថា រាជរដ្ឋាភិបាលកម្ពុជា ពិតជានឹងដួលរលំ និងគ្មានផ្លូវធ្វើដំណើរទៅមុខបានឡើយ និងថារាជរដ្ឋាភិបាល នឹងត្រូវដួលរលំ នៅពេលមានវិបត្តិសេដ្ឋកិច្ចដោយការដំឡើងពន្ធ៤៩% របស់សហរដ្ឋអាមេរិកនោះ។ ក្រុមជ្រុលនិយម ថែមទាំងបាននិយាយលាបពណ៌ដាក់មកលើកម្ពុជាទៀតថា ការដំឡើងពន្ធរបស់អាមេរិកនេះ គឺដោយសារតែនយោបាយរបស់កម្ពុជា គ្មានភាពទំនាក់ទំនងល្អ ជាមួយរដ្ឋាភិបាលអាមេរិក និងខ្លះថែមទាំងសម្តែងភាពត្រេកអររបស់ខ្លួន ដោយប្រើពាក្យអសុរសប្រមាថទៀតថា កម្ពុជានឹងស្លាប់ទាំងរស់ ដោយសារតែការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។ សម រង្ស៊ី ក្រុមជ្រុលនិយម នៅក្នុងបណ្តាញសង្គម បានសរសរមើលងាយថាកម្ពុជាពិត ជានឹងគ្មានផ្លូវរស់ឡើយ ទោះបីធ្វើតាមលោក ដូណាល់ ត្រាំ និងមិនធ្វើតាមលោក ដូណាល់ ត្រាំ ក៏ដោយលទ្ធផលគឺងាប់ដដែល។ នេះជាសម្តីប្រមាថរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបង្ហាញក្តីរីករាយនៅពេលឃើញកម្ពុជាប្រឈមនឹងព្យុះវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែកម្ពុជា ទោះបីជាប្រទេសដ៏តូចពិតមែន នយោបាយការទូតដ៏ទន់ភ្លន់ត្រូវបានរដ្ឋបាល ដូណាល់ ត្រាំ ទទួលយកក្នុងការពិចារណា។

លទ្ធផលបណ្តោះ អាសន្នបានបង្ហាញហើយថា រដ្ឋបាល ដូណាល់ ត្រាំ មិនបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរនៅក្នុងផ្លូវពិបាកនៃវិបត្តិសេដ្ឋកិច្ចឡើយនាពេលនេះ។ ប៉ុន្តែអ្នកដែរកំពុងដើរលើផ្លូវទ័លច្រកវិញនោះគឺ សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចរបស់ខ្លួនវិញតែប៉ុណ្ណោះ ពីព្រោះការធ្វើនយោបាយទុច្ចរិត ដោយចង់ឱ្យកម្ពុជារងវិបត្តិសេដ្ឋកិច្ចនោះ បានរងបរាជ័យគួរឱ្យអាម៉ាសនោះទៅវិញ។

សេចក្តីសម្រេចរបស់រដ្ឋបាល ដូណាល់ ត្រាំ ដែលបានប្រកាសផ្អាករយៈពេល ៩០ថ្ងៃនៃការអនុវត្តយកពន្ធដំឡើងលើទំនិញនាំចូលពីកម្ពុជា និងពីប្រទេសដទៃទៀតដែលបានស្នើរកការចរចានោះ មិនត្រឹមតែ ជាការបើកផ្លូវឱ្យមាននយោបាយចរចាការទូតលើផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំង២ប៉ុណ្ណោះទេ ប៉ុន្តែគឺជាអន្លូងទូងលើនយោបាយរបស់ក្រុមជ្រុលនិយមដឹកនាំ ដោយ សម រង្ស៊ី នោះថែមទៀត។

*កម្ពុជាសម្លឹងទៅមុខដើម្បីសម្រូលទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

ក្នុងរយៈពេល៩០ថ្ងៃទៅមុខទៀតនេះ ការពន្យាពេលនៃកាលបរិច្ឆេទ្ធកំណត់នៃការអនុវត្តពន្ធ របស់សហរដ្ឋអាមេរិក កំពុងជួយបើកផ្លូវឱ្យកម្ពុជា ត្រូវធ្វើការចរចាជាមួយនឹងភាគីសហរដ្ឋអាមេរិកដើម្បីការរក្សាបានទាំងផលប្រយោជន៍សេដ្ឋកិច្ចទាំងរបស់សហរដ្ឋអាមេរិកផង និងការអភិវឌ្ឍប្រកបដោយចិរភាពរបស់កម្ពុជាផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់រួចមកហើយ លើការប្តេជ្ញាលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិក ជាមួយនឹងការកាត់បន្ថយលើពន្ធគយសម្រាប់ផលិតផល១៩ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច Bound Rate អតិបរមា៣៥% មកត្រឹមអត្រាពន្ធអនុវត្ត ៥% Applied Rate។ ប្រសិនណាបើសហរដ្ឋអាមេរិក មិនយកចិត្តទុកដាក់លើសំណើរបស់កម្ពុជាវិញនោះទេ កម្ពុជាក៏នឹងគ្មានឈ្មោះក្នុងបញ្ជីនៃប្រទេសចំនួន៧៥ ដែលរដ្ឋបាល ដូណាល់ ត្រាំផ្អាករយៈពេល៩០ថ្ងៃនោះឡើយ។ ការផ្អាកអនុវត្តពន្ធអាមេរិក រយៈពេល៩០ថ្ងៃ ពិតជាមានន័យណាស់ចំពោះប្រទេសកម្ពុជា បើទោះបីជាប្រទេសដ៏តូចពិតមែន ខណៈប្រទេសប្រទេសយក្ខធំៗដូចជា សហរដ្ឋអាមេរិក ក៏នៅតែស្តាប់សម្លេងនៃប្រទេសតូចៗ ដូចជាប្រទេសកម្ពុជានេះផងដែរ។

ការព្យួរពន្ធរយៈពេល ៩០ថ្ងៃ គឺជារយៈពេលវែងគួរសមច្រើនជាងការពន្យារពេលនីតិវិធី។ រយៈពេល៩០ថ្ងៃ គឺជាសក្ខីកម្មមួយនៃឥទ្ធិពលការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា និងរំពឹងថាក្នុងរយៈពេល៩០ថ្ងៃខាងមុខនេះ កម្ពុជានឹងអាចស្វែងរកភាពសម្របសម្រួលគោលនយោបាយពាណិជ្ជកម្មដ៏សមស្របមួយមិនខានឡើយ ជាមួយនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងរយៈពេល៩០ថ្ងៃទៅមុខទៀតនោះ គេរំពឹងថា ក្រុមជ្រុលនិយមដែលប្រើពាក្យតាមបណ្តាញសង្គមថ្មីៗដោយចង់ឱ្យខ្មែរ «ងាប់ឈរ» ឬ «ស្លាប់ទាំងរស់» នោះត្រូវគេរំពឹងថា នឹងបន្តនយោបាយទុច្ចរិតដោយការប្រឌិតរឿងជាច្រើនថែមទៀតដើម្បីតែចង់បំផ្លាញភាពសុខសាន្តរស់នៅរបស់កម្មករតាមរោងចក្រ ។

យើងសូមឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករ និងកម្មការីនី នៅតាមរោងចក្រនិងសហគ្រាសទាំងអស់នៅទូទាំងប្រទេស ត្រូវមើលឃើញឱ្យច្បាស់នូវឧបាយកលដ៏ពិសពុលនេះ របស់ក្រុមជ្រុលនិយមដែលមានមេខ្លោងឈ្មោះ សម រង្ស៊ី ពីព្រោះទណ្ឌិតក្បត់ជាតិបីជំនាន់នោះ មិនដែលមានគំនិតល្អអ្វីឡើយក្នុងការជួយប្រជាពលរដ្ឋ និងបងប្អួនជាកម្មករ និងកម្មការីនី ដែលកំពុងរស់នៅ ដោយសេចក្តីសុខសប្បាយក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ នាបច្ចុប្បន្ននេះឡើយ៕