(ភ្នំពេញ)៖ យុវជនមួយក្រុមដែលចងក្រងគ្នាជាមួយក្រុម មានរៀបចំជាឯកសណ្ឋានឈុតដូចគ្នាទៀតនោះ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហៅទៅអប់រំណែនាំ និងដកហូតឯកសណ្ឋាន បន្ទាប់ពីពួកគេទៅសម្រួលចរាចរណ៍នៅមហាវិថីសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រុមយុវជនដែលត្រូវសមត្ថកិច្ចនាំមកអប់រំណែនាំ កាលពីពេលថ្មីៗកន្លងមកនេះ គឺជាក្រុមដែលធ្លាប់ជិះម៉ូតូបើកផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ហើយត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចហាមឃាត់ជាច្រើនលើកច្រើននាពេលកន្លងមក។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ថា អ្នកដែលដឹកនាំយុវជនមួយក្រុមនេះ ឈ្មោះ ប៉ូ លីហេង មុខរបរជាងជួសជុលម៉ូតូ។ ក្រោយឃាត់ខ្លួនមកធ្វើការសួរនាំ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើកិច្ចសន្យាអប់រំណែនាំ និងដកហូតឯកសណ្ឋានរបស់ពួកគេ។

យុវជន ប៉ូ លីហេង នៅចំពោះមុខសមត្ថកិច្ច ក៏បានសន្យាថា ខ្លួន និងក្រុមដែលបានចងក្រងនោះ នឹងមិនធ្វើសកម្មភាពបែបនេះបន្ដទៀតឡើយ ហើយទទួលយកនូវអ្វីដែលជាការអប់រំណែនាំរបស់កម្លាំងសមត្ថកិច្ច។

សូមរំលឹកថា ប៉ុន្មានថ្ងៃកន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបបានណែនាំឲ្យបញ្ឈប់ការជិះម៉ូតូបើកផ្លូវមុខរថយន្ដសង្គ្រោះបន្ទាន់ ពីសំណាក់យុវជនមួយក្រុម ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃផ្សេងទៀត។ យុវជនមួយក្រុមនោះ គឺជាក្រុមឈ្មោះ ប៉ូ លីហេង នេះតែម្ដង។

កន្លងទៅមានយុវជនមួយក្រុមបាននាំគ្នាជិះម៉ូតូ ដែលមានបំពាក់ភ្លើងដូចកម្លាំងសមត្ថកិច្ច តែងតែជិះនាំមុខរថយន្ដសង្គ្រោះបន្ទាន់ ដែលជាការជួយសម្រួលឲ្យរថយន្ដសង្គ្រោះនោះ ធ្វើដំណើរបានលឿននៅពេលមានការ កកស្ទះចរាចរណ៍ ឬមានមធ្យោបាយច្រើននៅលើដងផ្លូវ។

ប៉ុន្ដែការជួយសម្រួលផ្លូវឲ្យរថយន្ដសង្គ្រោះបន្ទាន់ពីសំណាក់ក្រុមយុវជននោះ ពេលខ្លះបានបង្កឲ្យមានការប៉ះពារដោយកាយវិការ ឬសម្ដីមិនសមរម្យជាមួយអ្នកដំណើរផ្សេងទៀត ហើយខ្លះទៀតជ្រុលហួសលើសពីតួនាទីភារកិច្ច។

ទោះជាយ៉ាងណាក្ដី នៅពេលនេះសកម្មភាពរបស់ក្រុមយុវជនខាងលើ ត្រូវបានសមត្ថកិច្ចហាមឃាត់ និងណែនាំឲ្យបញ្ឈប់សកម្មភាព ពោលទុកភារកិច្ចឲ្យកម្លាំងសមត្ថកិច្ច និងរថយន្ដស៉ីរ៉ែនជាអ្នកបើកផ្លូវវិញ ដោយហេតុថា សកម្មភាពនេះពិតជាអាចបង្កគ្រោះថ្នាក់ទាំងខ្លួនឯង និងអ្នកដំណើរផ្សេងទៀតផងដែរ។

គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុន យុវជនម្នាក់ដែលបើកម៉ូតូនាំមុខឡានពេទ្យ ត្រូវបានរថយន្តបុកស្លាប់ ដូច្នេះនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ តែខ្លួនឯងក៏អាចជួបគ្រោះថ្នាក់ចរាចរណ៍ដែរ៕