(ភ្នំពេញ)៖ ដោយមើលឃើញពីសកម្មភាពការងារមនុស្សធម៌ របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានធ្វើជាច្រើនកន្លងមកនេះ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត ភីតថឺ លី ប្រធានក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិនគ្រុប ឯ.ក និងលោកស្រី ឆាយ លីណា អគ្គនាយករងវិទ្យុជាតិកម្ពុជា បានយកនូវអង្ករចំនួន ១២តោន ដែលមានគុណភាពល្អ យកមកជូនដល់ ឯកឧត្តម រដ្ឋមន្ត្រី ដើម្បីជាការគាំទ្រដល់កិច្ចការមនុស្សធម៌ និងកិច្ចគាំពារដល់មន្ត្រី ដែលលោករដ្ឋមន្ត្រី តែងតែផ្តល់ជូននូវស្បៀងអាហារប្រចាំខែសម្រាប់សម្រាលបន្ទុកដល់អ្នកមានការខ្វះខាត និងជួបការលំបាកក្នុងជីវភាព។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ភីតថឺ លី លោកស្រី ឆាយ លីណា រួមទាំងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនអូប៊ីអូអ រ៉ូយ៉ាល់ ខនស្រ្តាក់សិនគ្រុប ឯ.ក ដែលបានឧបត្តម្ភអង្ករចំនួន ១២តោន មកក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់ជីវភាពរបស់មន្ត្រីរាជការក្រសួងព័ត៌មានក្នុងការបំពេញការងារ ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៍របស់ក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី បានជម្រាបជូនថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានផ្តល់ការគាំពារដល់មន្ត្រីជាប្រចាំប្រមាណ ៣០០នាក់ ក្នុងមួយខែដោយបានផ្តល់គ្រឿង ឧបភោគបរិភោគរួមមានអង្ករ និងត្រីខ ដើម្បីជួយសម្រាលជីវភាព។
ជាមួយនេះ ក្រសួងព័ត៌មាន ក៏បានគិតគូរខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់មន្រ្តីរាជការ និងបងប្អូនអ្នកសារព័ត៌មាន ដោយក្រសួងព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព សម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន រួមទាំងក្រុមគ្រួសារថែមទៀតផងដែរ៕