(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានអនុញ្ញាត្តជូនលោក Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំង និងសហការីអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានស្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយចំពោះលោកឯកអគ្គរាជទូត ដែលទើបទទួលបានការតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា ចាប់តាំងពីខែកុម្ភៈកន្លងទៅថ្មីៗ។ លោកក៏បានយកឱកាសនេះជូនពរឯកអគ្គរាជទូត និងសហការី ក៏ដូចជាប្រជាជនថៃទាំងអស់ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីតាមបែបប្រពៃណីថៃដែលនឹងចូល​មកដល់​ក្នុងពេល​ប៉ុន្មានថ្ងៃខាងមុខ ហើយនេះជាទំនៀមទំលាប់ចូលឆ្នាំថ្មីតាមបែបប្រពៃណី ដូចគ្នាជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវជំនឿជាក់ថា បេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត នៅកម្ពុជា នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសគឺកំណើននៃវិនិយោគពីវិស័យឯកជនថៃនៅកម្ពុជា។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងរាក់ទាក់ ក្នុងនាមជាប្រជាជាតិដែលមានភូមិផងរបងជាមួយ និងមានប្រពៃណី​ទំនៀម​ទំលាប់ស្ទើរតែដូចគ្នា។ លោកឯកអគ្គរាជទូត ក៏បានធ្វើការកត់សម្គាល់លើការរីកចម្រើនថ្មីៗរបស់កម្ពុជាទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសង្កេតឃើញពីភាពជោគជ័យ និងការកើនឡើងនៃម៉ាកសញ្ញាផលិតផល និងសេវាកម្មនានាពីប្រទេសថៃនៅកម្ពុជា។

លោកឯកអគ្គរាជទូត បានបន្ថែមថា កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាអាទិ៍រួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស, សេវាសុខភាព, ផលិតផលទាក់ទងនឹងសុខុមាលភាព និងសម្រស់, និងការកែច្នៃចំណីអាហារ ជាដើម។

តាមរយៈជំនួបប្រកបដោយភាពស្និទ្ធស្នាលនាព្រឹកនេះលោកឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានធ្វើការចែករំលែកនូវបទពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងថៃ ពិសេសលើការងារអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមខ្សែបន្ទាត់ព្រំដែន ដោយសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការល្អៗបន្ថែមទៀតក្នុងវិស័យនេះ ដើម្បីជំរុញការតភ្ជាប់ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕