(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹង កើនឡើងខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ខណៈស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានក្នុងអត្រាខ្ពស់នៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ។

លោកស្រី មឹន មាណវី អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងថា ស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានក្នុងអត្រាខ្ពស់នៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលការណ៍នេះ ទាមទារឲ្យអ្នកបើកបរយានយន្ដ គ្រប់ប្រភេទ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាប និងទប់ស្កាត់ការបាត់បង់អាយុជីវិតរបស់ប្រជាពរដ្ឋដែលបង្កឡើងដោយកត្តាហានិភ័យ នេះ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសចុះផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់ ក្រុមអ្នកជិះម៉ូតូ នៅលើផ្លូវជាតិលេខ៤ ជាប់ព្រំប្រទល់ភូមិសាស្ត្រ រវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែមេសា ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន និងបណ្តាញសារព័ត៌មាន។ 

លោកស្រី មឹន មាណវី បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា តាមរយៈមុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួត ពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ជាដើម។ ពិសេសជាងនេះ មិនត្រូវបើកបរលើសល្បឿនកំណត់ និងមិន ត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ខណៈក្នុងឱកាសដ៏សែនសប្បាយរីករាយនេះ យានយន្តធ្វើចរាចរណ៍តែងតែមានកំណើនកើនឡើងខ្ពស់ខុសប្រក្រតីដែលអាចមានកំណើនគ្រោះថ្នាក់ ចរាចរណ៍ ឬ ការកកស្ទះចរាចរណ៍។

គួរកត់សម្គាល់ថា ក្នុងអំឡុងនៃបុណ្យប្រពៃណីជាតិធំៗ តែងតែកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ច្រើនលើសថ្ងៃធម្មតា ដោយសារការបើកបរក្រោមឥទ្ធិពលស្រវឹង ការបើកបរហួសល្បឿនកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរប្រើប្រាស់ ទូរស័ព្ទដៃ បើកបរខុសទិសចរាចរណ៍ ឬស្លាកសញ្ញា មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាព ជាដើម៕