(ភ្នំពេញ)៖ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងឱកាសទទួលបានការអនុញ្ញាតទទួលជួបនិងពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងជំនួបពិភាក្សាការងារនេះ លោក Joseph Scheuer បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា កឺការឆ្លើយតបប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍន៍ដោយចីរភាព។
នៅក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំពីកិច្ចខិតប្រឹងប្រែងរបស់កម្ពុជា ក្នុងនោះក្រសួងបរិស្ថាន ដែលជាសេនាធិការ បាននិងកំពុងដឹកនាំរៀបចំ «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» (NDC3.0) ដ៏មានសារៈសំខាន់ ដើម្បីបង្ហាញពីមហិច្ឆតាកម្ពុជាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីគ្រប់វិស័យជាពិសេស វិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ គីមី និងសំណល់។
ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ក្នុងនោះមានទីភ្នាក់ងារអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដែលចូលរួមសម្របសម្រួលនិងគាំទ្រកម្ពុជាក្នុងរៀបចំ «ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» និងដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា ក្នុងជំនួបភាគីទាំងពីបានពិភាក្សាគ្នាផងដែរ ទាក់ទងនឹងវេទិកានៃកិច្ចសន្ទនាប្រចាំឆ្នាំរវាងប្រព័ន្ធអង្គការសហប្រជាជាតិជាមួយសម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងរៀបចំនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ដើម្បីពិនិត្យ និងឆ្លុះបញ្ចាំងពីការរួមចំណែករួមគ្នារវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភាក្សាអំពីអាទិភាព នៃការអភិវឌ្ឍជាតិនានា រួមទាំងវឌ្ឍនភាពឆ្ពោះទៅរក ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ។
កិច្ចពិភាក្សាឆ្នាំនេះ ក៏បានកំនត់លើអាទិភាពរបស់រាជរដ្ឋាភិបាល និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ៕