(រតនគិរី)៖ ក្រុមអាជីវករលក់ដូរក្នុងផ្សារក្រុងបានលុង ខេត្តរតនគិរី កំពុងមមាញឹកក្នុងការលក់ដូរដាច់ ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងចូលមកដល់នាពេលខាងមុខនេះ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រុមអាជីវករនៅក្នុងផ្សារបានលុង ដែលលក់ខោអាវ ស្បែកជើង គ្រឿងអលង្ការ គ្រឿងក្រអូប ឧបភោគ បរិភោគនិងសម្ភារផ្សេងៗកំពុងមមាញឹកក្នុងការលក់ដូរដាច់គួរឱ្យចាប់អារម្មណ៍។
បើតាមអ្នកស្រី ធា ជាអាជីវករលក់សាច់ជ្រូក អ្នកស្រី លីដា លក់គ្រឿងក្រអូប និងអ្នកស្រី ជា ចំរើន លក់ខោអាវ រួមជាមួយក្រុមអាជីវករលក់របស់របរផ្សេងៗទៀត បានលើកឡើងប្រហាក់ប្រហែលគ្នាថា ឆ្នាំនេះលក់ដាច់គួរសម ពេលដែលរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនឹងឈានជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខ ហើយរបស់របរ ដែលពួកគាត់មមាញឹកក្នុងការលក់នោះ មានដូចជាគ្រឿងក្រអូប ខោអាវ ស្បែកជើង គ្រឿងអលង្ការ និង គ្រឿងឧបភោគបរិភោគផ្សេងៗទៀត ជាពិសេស គឺគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ។
ក្រុមអាជីវករខាងលើបានលើកឡើងទៀតថា ចាប់តាំងពីដាច់ខែមីនាចូលដល់ខែមេសាឆ្នាំនេះមក ពួកគាត់បានលក់ដូរដាច់គួរសម ហើយចំពោះការលក់ដូររបស់ពួកគាត់ គឺពុំមានឡើងថ្លៃនោះទេ ដោយការលក់ដូរគិតតាមតម្លៃសមរម្យតាមហាងឆេងទីផ្សារ។
ជាមួយគ្នានោះដែរ ក្រុមអាជីវករបានបន្ថែមថា ការលក់ដូរពួកគាត់បានដាច់មមាញឹកយ៉ាងដូច្នេះ ដោយសាររដូវនេះគឺជារដូវដែលប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុក ភូមិ នានា ក្នុងភូមិសាស្ត្រខេត្តរតនគិរី គឺដល់រដូវដែលប្រមូលផល គ្រាប់ស្វាយចន្ទី ដំឡូងមី និងរដូវដែលពួកគាត់រកលុយបានពីការរើសផ្លែសំរ៉ងផងដែរ។ ដោយឡែកម្ចាស់វិនិយោគផ្សារបានលុងលោកឧកញ៉ា សា លាង នៅរសៀលថ្ងៃដដែលប្រាប់ឲ្យដឹងថា ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គឺបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងផ្សារ គឺមានសុវត្ថិភាពមិនមានបញ្ហាអ្វីកើតឡើងនោះទេ៕