(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមលេង «សង្ក្រាន្តពោធិ៍សាត់ ឆ្នាំ២០២៥» ឱ្យបានច្រើនកុះករ ដែលមាន៤ទីតាំងផ្សេងគ្នា គឺ៖ ទី១-នៅលើបុរីវប្បធម៌កោះសំពៅមាស, ទី២-ទីធ្លាខាងមុខសាលាខេត្ត, ទី៣-សួន១៤មករា និងទី៤-ពហុកីឡាដ្ឋានខេត្ត។

លោកអភិបាលខេត្ត បានអំពាវនាវបែបនេះ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ខណៈដែលលោកកំពុងចុះពិនិត្យដោយផ្ទាល់ ជុំវិញកិច្ចការមួយចំនួន របស់គណៈកម្មការរៀបចំសង្ក្រាន្ត។

លោក ខូយ រីដា បានថ្លែងឱ្យដឹងថា ស្របតាមអនុប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត រៀបចំកម្មវិធីសង្ក្រាន្តរៀងៗខ្លួន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនោះ, រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បាននឹងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលឆ្នាំថ្មីនាពេលខាងមុខ ដោយមានការរៀបចំភ្លើងលម្អ តាមសួនច្បារ ផ្លូវសាធារណៈ ផ្ទាំងទស្សនីយភាពប្លែក និងរៀបចំកម្មវិធីសប្បាយផ្សេងៗ បាញ់កាំជ្រួច លេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ...។ល។

លោកបានណែនាំដល់ក្រុមការងារ ត្រូវពន្លឿនរៀបចំទីតាំងសង្ក្រាន្ត និងត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានទទួលព័ត៌មាន ធ្វើយ៉ាងណារៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ ឱ្យបានល្អប្រសើរ និងដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅខេត្ត សំដៅធានាឱ្យបាននៅសុខសុវត្ថិភាព ទាំងការមកទស្សនា និងទាំងការធ្វើដំណើរ។

លោក ខូយ រីដា បានថ្លែងបញ្ជាក់ថា ការរៀបចំសង្ក្រាន្តពោធិ៍សាត់នេះ នឹងប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់គណៈកម្មការនានា ពិសេសគណៈបញ្ជាការឯកភាពខេត្ត ដោយបានបែងចែកទីតាំងកន្លែងកំសាន្តនីមួយៗផ្សេងៗពីគ្នា មានទីធ្លាធំទូលាយ មានសុវត្ថិភាព សម្រាប់លេងល្បែងប្រជាប្រិយ ការរាំលេងកំសាន្ត តំបន់ត្រជាក់ និងមានការដាក់តាំងលក់នូវស្នាដៃ របស់កូនខ្មែរពិតប្រាកដ។

លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមអញ្ជើញមកចូលរួម «សង្ក្រាន្តពោធិ៍សាត់ ឆ្នាំ២០២៥» ឱ្យបានច្រើនកុះ ព្រោះឆ្នាំនេះយើងរៀបចំធំជាងឆ្នាំមុន ដើម្បីបង្កើននូវទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងសូមចូលរួមថែរក្សានូវបរិស្ថាន ការទុក្ខដាក់សំរាមឱ្យបានត្រឹមត្រូវ មានអនាម័យ គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា។

គួរជម្រាបជូនថា នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ២០២៥» ចំនួន៤ទីតាំងគឺ៖ ទី១-នៅលើបុរីវប្បធម៌កោះសំពៅមាស, ទី២-ទីធ្លាខាងមុខសាលាខេត្ត, ទី៣-សួន១៤មករា និងទី៤-ពហុកីឡាដ្ឋានខេត្ត។ ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តពោធិ៍សាត់ ២០២៥នេះ គឺជាការចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបរិបទប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀតដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។

ព្រឹត្តិការណ៍នេះ ក៏មានការប្រគំុតន្ត្រីប្រពៃណី និងសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៌បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដែលមានការចូលរួមសម្តែងដោយ លោកស្រី ឱក សុគន្ធកញ្ញា, លោក ណុប បាយ៉ារិទ្ធ, លោក លឹម តិចម៉េង និងតារាល្បីៗជាច្រើនទៀត។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តពោធិ៍សាត់៕