(ក្រចេះ)៖ វត្តព្រះវិហារធំសសរ១០០​ ជា​វត្ត​ដ៏​ចំណាស់​មួយ​នៅ​ប្រទេស​កម្ពុជា ​ស្ថិត​នៅ​​ស្រុក​សំបូរ ចម្ងាយ​ប្រហែល​៣៦គីឡូម៉ែត្រ ភាគខាងជើង​ទី​រួម​ខេត្ត​ក្រចេះ​។ វត្ត​នេះ ត្រូវបាន​សាងសង់ឡើង​នៅ​ចំ​ទីតាំង​របស់​រាជវាំង​នគរ​​ស​ម្ភ​បុ​រៈ នៃ​អាណាចក្រ​ចេនឡា​។ វត្តព្រះវិហារ​ធំ​សសរ១០០ ត្រូវបានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៦ ក្នុងរជ្ជ​កាល​ព្រះបាទច័ន្ទរាជា។

ទីអារាមដ៏ចំណាស់នេះ ជាទីបូជនីយដ្ឋានមួយដែលប្រជាពុទ្ធបរិស័ទ​ជិត​ឆ្ងាយតែងគោរពបូជាប្រកបដោយសទ្ធាជ្រះថ្លា និងភ្ជាប់​មកនូវ​ជំនឿ​ផ្សេ​ងៗផងដែរ។ ក្រៅពីការគោរពបូជាហើយនោះ វត្តព្រះវិហារធំ​សសរ​១០០ ក៏ជាកន្លែងអន្ទងទងចិត្តអ្នកទេសចរជិតឆ្ងាយឱ្យទៅលេង​កម្សាន្ត​កម្រនឹងរំលងនៅពេលពួកគេទៅដល់ទឹកដីខេត្តក្រចេះ។

បន្ថែមពីលើនោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វត្តព្រះវិហារ​ធំ​​សសរ​១០០ ក៏ជាទី​កន្លែងជួបជុំលេងកម្សាន្តសប្បាយនូវល្បែ​ង​របាំ​ប្រជាប្រិយរបស់ខ្មែរ របស់ប្រជាពលរដ្ឋនៅក្នុងស្រុក ក៏ដូចជាអ្នកទេស​ចរ ដែលធ្វើដំណើរទៅកាន់ខេត្តក្រចេះផងដែរ។

ខេត្តក្រចេះ ជាដែនដីភាគឦសានសម្បូរទៅដោយតំបន់ទេសចរណ៍​ធម្មជាតិ ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រផងដែរ។ វត្តព្រះវិហារ​ធំ​​សសរ​១០០ ជាតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញមួយលើទឹកដី​ខេត្តក្រចេះ ហើយរួមចំណែកទាក់ទាញអ្នកទេសចរឱ្យទៅកាន់ខេត្ត​មួយ​នេះ។

នៅឆ្នាំនេះផ្លូវពីទីរួមខេត្តក្រចេះ ទៅកាន់ស្រុកសំបូរ ត្រូវបានសាងសង់​រួចរាល់ដោយកៅស៊ូរលោងស្អាត និងធំទូលាយ ធ្វើឱ្យការធ្វើដំណើ​រ​មិន​លំបាកនោះឡើយ។ តាមដងផ្លូវអមដោយផ្ទះប្រជាពលរដ្ឋតូចធំ និងរុក្ខ​ជាតិ​ហូបផ្លែយ៉ាង​ខៀវ​ស្រងាត់ជាចំណីអារម្មណ៍ផងដែរ។

ដើម្បីត្រៀមស្វាគមន៍អ្នកទេសចរជិតឆ្ងាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អាជ្ញាធរស្រុកសំបូរ បានរៀបចំតុបតែងលំអសោភ័ណ​ភាពស្រុក រៀបចំកន្លែងលេងកម្សាន្តលើកោះមុខវត្តព្រះវិហារ​ធំ​​សសរ​១០០។ ដោយឡែកក្នុងបរិវេណវត្តព្រះវិហារ​ធំ​​សសរ​១០០វិញ ព្រះសិរី​សម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជា​គណៈ​កិត្តិយសនៃព្រះរាជាណា​ចក្រ​កម្ពុជា​ ព្រះអនុគណ​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ និងព្រះចៅអធិការវត្ត​ព្រះ​វិ​ហារ​ធំសសរ១០០ ក៏បានដឹកនាំរៀបចំតុបតែងលំអយ៉ាងសមសួន និង​បានត្រៀមរៀបចំកម្មវិធីកម្សាន្តនានាតាមបែបបទប្រពៃណីខ្មែរ ត្រៀម​ស្វាគមន៍អ្នកទេសចរផងដែរ។

ព្រះសិរី​សម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ បានអំពាវនាវដល់អ្នកទេសចរជិត​ឆ្ងាយអញ្ជើញទៅលេងកម្សាន្តសប្បាយក្នុងស្រុកសំបូរ ក៏ដូចជាវត្តព្រះ​វិហារ​​ធំ​​​សសរ​១០០។

សូមបញ្ជាក់ថា វត្តព្រះ​វិហារ​​ធំ​​​សសរ​១០០ ត្រូវបានសាងសង់លើក​ដំបូងក្នុងសតវត្សរ៍ទី១៦ ដោយព្រះបាទចន្ទរាជា។ ក្នុងវត្តនេះ មានព្រះ​រាជ​ចេតិយ​ដែល​កសាង​ឡើង​​ដោយព្រះបាទ​ចន្ទ​រាជា​នៅក្នុង​ឆ្នាំ​១៥២៩ ពោលគឺ​មុន​ការកសាង​វត្ត​ទៅទៀត​។ ទ្រង់​បាន​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ​ធីតារបស់​ព្រះអង្គ ព្រះនាម​ព្រះអង្គម្ចាស់​អនុ​ជាតិ​ក្ស​ត្រី​យ៍​វ​ភ​ក័​ក្ត្រ ឬ ព្រះ​នាង​ក្រពុំ​ឈូក តម​កបាន​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ ព្រះ​ស​ត្ថា​ទី​១ ព្រះ​ជ័យជេដ្ឋា​ទី​១ ព្រះរាជ​សំភារ ចៅពញា​តូ ព្រះ​នាង​ព្រះ​ម៉ែ​យួ បុ​ប្ឋា​វ​តី និង​​ព្រះរាជវង្សានុវង្ស​ជាច្រើនអង្គ។ លុះ​មកដល់​ខែធ្នូ​ គ​.​ស ១៩៥៥ សម្ដេចព្រះឧបយុវរាជ នរោត្តម ​សីហនុ ទ្រង់​បាន​ស្ថាបនា​ព្រះ​ចេតិយ​នេះ​ជាថ្មី ហើយ​ទ្រង់​បាន​សម្ពោធ​ឆ្លង​ព្រះ​ចេតិយ​នេះ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៥៦​។​

បន្ទាប់ពី​កសាង​ចេតិយ​រួច ព្រះរាជា​បាន​ឲ្យ​គេ​សាងសង់​រោងបុណ្យ​ប្រក់​ស្បូវ​យ៉ាង​ស្រស់​ស្អា​ត់​មួយ ក្បែរ​ចេតិយ​នោះ ​ដោយមាន​សសរ​ចំនួន​១០០​ដើម​។ ក្រោយពី​សាងសង​រោងបុណ្យ​រួច ព្រះរាជា​ត្រាស់បង្គាប់​ឱ្យ​រៀបចំ​ពិធីបុណ្យ​ធំ​នៅ​ជិត​មាត់ទន្លេ ដែល​នៅ​ចម្ងាយ​ពី​ឆ្ងាយ​ពី​ព្រះ​ចេតិយ និង​រោងបុណ្យ​នេះ ដោយមាន​អ្នកចូលរួម​ច្រើន​កុះករ​។ នៅក្នុង​ពិធីបុណ្យ​នោះ ព្រះរាជា​ទ្រង់​បាន​ប្រសិទ្ធ​នាម​រោងបុណ្យ​នោះ​ថា «​ព្រះ​វិហារ​ធំ​» លុះ​ក្រោយមកទៀត ទី​អារាម​នេះ​ ក៏​ត្រូវបាន​គេ​ហៅថា «​ព្រះវិហារ​ធំ​សសរ​១០០»​។

​រយៈពេល​១០០​ឆ្នាំ​ក្រោយមក ព្រះវិហារ​ដែលមាន​ដំបូល​ប្រក់​ស្បូវ ត្រូវ​បាន​បំផ្លាញ​ដោយ​រន្ទះភ្លើង​បាញ់ ដែល​បានធ្វើ​អោយសសរ​២៨​ដើម​ឆេះ​អស់ ហើយ​នៅសល់​សសរ​តែ​៧២ ដើម​ប៉ុណ្ណោះ ហើយ​ព្រះ​ពុទ្ធបដិមា​ប្រលាក់​ដោយ​ផ្សែងភ្លើង​។

​ដោយសារ​គ្រោះធម្មជាតិ​នេះ ប្រជាជន​នៅ​ទី​នោះបាន​ស្ថាបនា​ព្រះវិហារ​នេះ​ឡើងវិញ ប៉ុន្តែ​មាន​សសរ​តែ​៧២​ដើម​ទេ​។ រហូតមកដល់​ឆ្នាំ​១៩៧៨ ព្រះវិហារ​សសរ​១០០ ត្រូវបាន​រុះរើ ហើយ​សាងសង់​ឡើងវិញ ដោយមាន​បណ្ដោយ​៣៥​ម៉ែត្រ ទទឹង​១៨​ម៉ែត្រ មាន​កម្ពស់ ២៣​ម៉ែត្រ និង​សសរ​១១៦​ដើម​។ ព្រះវិហារ​ថ្មី​ត្រូវបាន​ស្ថាបនា​រួចរាល់​ និង​បញ្ចុះ​សីមា​នៅ​ថ្ងៃទី​១៤ មករា ១៩៩៨​។​ បច្ចុប្បន្ន​​ព្រះវិហារ ​នេះ​​​មាន​សសរ​ស៊ីម៉ងត៍ សុទ្ធ​ចំនួន​១១៦​ដើម​៕