(សេអ៊ូល)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសក៍ឯកនិងប្រតិបតិ្តករនយោបាយ ឈ្នះឈ្នះ របស់កម្ពុជា បានចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
សន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speaker’s Conference/ISC) បានប្រកាសទទួលស្គាល់សភានៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកសំខាន់ គឺសមាជិកស្ថាបនិក នៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឱ្យវេទិកាប្រមូលផ្តុំសំឡេងថ្នាក់ដឹកនាំសភាអន្តរជាតិនេះ កកើតឡើងក្នុងបុព្វបម្រើប្រជាពលរដ្ឋ។
ថ្នាក់ដឹកនាំសភានៃសន្និសីទប្រធានសភានៃអន្តរសភា បានប្រគល់វិញ្ញាបនបត្រនិងសញ្ញាសម្គាល់ជាសមាជិកស្ថាបនិក សភានៃសន្និសីទប្រធានសភានៃអន្តរសភាជូន សម្តេចរដ្ឋសភាធិបតី ក្នុងបរិយាកាសអធិកអធម មានការទទួលស្វាគមន៍យ៉ាងកងរំពងពីអង្គពិធី ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សភាកម្ពុជានៅក្នុងបុព្វហេតុសន្តិភាព វិបុលភាពសកលលោក។
សន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលជាវេទិកាប្រមូលផ្តុំសំឡេងថ្នាក់ដឹកនាំសភាអន្តរជាតិដើម្បីសន្តិភាព និងវិបុលភាពមនុស្សជាតិ មានសភាអន្តរជាតិចំនួន៣៧ជាសមាជិក នៅក្នុងពេលនេះ ព្រមទាំងដៃគូមកពីវិស័យផ្សេងៗជាច្រើនទៀតចូលរួមផងដែរ។
ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិនេះ ដើរតួនាទីជាមូលដ្ឋានគ្រឹះមួយសម្រាប់កសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយបរិយាប័ន្ន ដោយផ្អែកលើការយោគយល់គ្នាទៅវិញទៅមក និងវិបុលភាពរួមគ្នា។ សន្និសីទនេះដើរតួនាទី ជាវេទិកាពិសេសតែមួយដែលមេដឹកនាំសភាអាចដោះស្រាយដោយផ្ទាល់នូវបញ្ហាប្រឈមក្នុងតំបន់ ចែករំលែកបទពិសោធន៍ផ្នែកច្បាប់ និងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួម។
នៅក្នុងឱកាសនៃពិធីបើកសន្និសីទ ISC នេះមានការអញ្ជើញចូលរួមពីឥស្សរជនឆ្នើមនានាមានជាអាទិ៍ លោក បាន គី ម៉ូន (Ban Ki-moon) អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (ក្នុងអាណត្តិទី៨ ឆ្នាំ២០០៧-២០១៦) លោកអនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ, លោក អានតូនីយ៉ូ ហ្គូតារេស (António Guterres)អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក ម៉ាទីន ជូហ្គុង (Martin Chungong) អគ្គលេខាធិការ នៃសហភាពអន្តរសភា (IPU) វាគ្មិនពិសេសៗផ្សេងទៀត បានឡើងថ្លែងនូវសារគន្លឹះ និងចំណាប់អារម្មណ៌ ដោយបានគូសបញ្ជាក់ថា វេទិកាសន្និសីទ ISC នេះបានរៀបចំឡើងក្នុងពេលវេលាមួយដ៏សំខាន់ និងសមស្របបំផុត ខណៈពេលដែលពិភពលោកកំពុងប្រឈមនូវបញ្ហាសំខាន់ជាច្រើនរួមមាន ជម្លោះប្រដាប់អាវុធដែលកំពុងកើតមាននៅតាមតំបន់មួយចំនួន ការប្រែប្រួលអាកាសធាតុ វិសមភាព និងភាពក្រីក្រជាដើម ដែលបញ្ហាទាំងនេះទាមទារឱ្យការធ្វើការរួមគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហានេះបានប្រកបដោយនិរន្តភាព។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ មានជំនឿមុតមាំថា ការដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន ទាមទារភាពជាដៃគូរឹងមាំ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ហើយវេទិកា ISC ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុ រួមទាំងធនាគារអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមនិរន្តរភាពពិភពលោក ដើម្បីជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យ។
សូមជម្រាបថា កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយមានជំនួបវេទិកា និងសន្និសីទជាច្រើន មានប្រតិភូមកពីប្រទេសចំនួន ១១៤ចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិល និងវិស័យឯកជនផង ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា៕