(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់លោក Datuk Seri Amir Hamzah Azizan រដ្ឋមន្ត្រីហិរញ្ញវត្ថុទី២ របស់ម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយនៅព្រឹកថ្ងៃពុធទី៩ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាគន្លឹះនៅក្នុងសន្និសីទវិនិយោគអាស៊ានឆ្នាំ២០២៥។ នៅក្នុងសន្ទរកថា អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់ នៃការពង្រឹងការតភ្ជាប់ ក្នុងការជំរុញកាលានុវត្តភាពវិនិយោគប្រកប ដោយចីរភាព និងបិរយាប័្នននៅក្នុងអាស៊ាន។
នៅព្រឹកថ្ងៃពុធ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ម៉ាឡេស៊ី (BERNAMA)។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីកិច្ច ខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការជំរុញនិរន្តភាព និងបរិយាប័្នន ក្នុងអំឡុងពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥។
អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងទេសាភិបាលធនាគារកណ្តាល ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ABAC)។ ជំនួបនេះ បានផ្លាស់ប្តូរទស្សនៈជុំវិញវិធី ក្នុងការជំរុញរបៀបវារៈរួម ស្តីពីការពង្រឹងភាពប្រកួតប្រជែង និងនិរន្តភាពរបស់ច្រវាក់ផ្គត់ផ្គង់។
នៅរសៀលថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុង «កិច្ចសន្ទនាក្រុមឥស្សរជនឆ្នើម៖ សមាហរណកម្មហិរញ្ញវត្ថុអាស៊ាន នៅក្នុងពិភពលោកពហុប៉ូល»។
ព្រឹត្តការណ៍នេះ មានអ្នកចូលរួមដែលជាឥស្សរជនឆ្នើម មកពីវិស័យរដ្ឋ និងឯកជន នៅក្នុងតំបន់ មកជួបជុំគ្នាដើម្បីឆ្លុះបញ្ចាំងពីរឿងជោគជ័យ និងការប្រឈមនានា ក្នុងការជំរុញសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១០ ឆ្នាំ ចាប់តាំងពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន។
អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ នៅក្រោមមូលបទ «ការសម្រេចបានការអភិវឌ្ឍក្នុងតំបន់ និងភាពប្រកួតប្រជែងក្នុងចំណោមប្រទេសសមាជិកអាស៊ាន» កិច្ចប្រជុំចង្អៀតនេះ បានពិភាក្សាលើបញ្ហាផ្សេងៗ ជុំវិញការដោះស្រាយការប្រឈមសេដ្ឋកិច្ចខាងក្រៅ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការជំរុញទីផ្សាររូបិយប័ណ្ណក្នុងស្រុក។
នៅល្ងាចថ្ងៃពុធ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារតាមអនឡាញជាមួយលោក Aung Myo Myint តំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសំណើបង្កើត ក្រុមងារស្នូលត្រីភាគី ជាយន្តការដឹកនាំដោយអាស៊ាន នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្តារ និងជំនួយសង្គ្រោះផ្នែកមនុស្សធម៌ជាបន្ទាន់ ក្រោយពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥។
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញកិច្ចសហការដែលអាចធ្វើទៅបាន ដើម្បីជំរុញគំនិតផ្តួចផ្តើមអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការថាមពលតំបន់ និរន្តភាព ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍអនុតំបន់ ជាដើម។
អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន តាមរយៈអនឡាញ ក្រោមអធិបតីភាពរបស់លោក Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី។ កិច្ចប្រជុំបានពិភាក្សាជុំវិញការវិវត្តន៍ចុងក្រោយបង្អស់នៃភូមិសាស្ត្រនយោបាយ រួមទាំង ពន្ធបដិការរបស់អាមេរិកដែលបានប្រកាសកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ ជាមួយនឹងផលប៉ះពាល់មកលើប្រទេសសមាជិកអាស៊ាន ព្រមទាំង ការឆ្លើយតបរួមរបស់អាស៊ានតទៅមុខ។
នៅរសៀលថ្ងៃព្រហស្បតិ៍ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងទេសាភិបាលធនាគារកណ្តាល ជាមួយបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFIs)។ កិច្ចប្រជុំបានកត់សម្គាល់ ពីចក្ខុវិស័យសេដ្ឋកិច្ចតំបន់ និងសកលលោក ដែលឧទ្ទេសនាមដោយ IFIs ព្រមទាំងបានពិភាក្សាពីបញ្ហានានា ស្តីពីពាណិជ្ជកម្មសកល និងការកសាងភាពធន់ ចំពេលដែលមានភាពមិនច្បាស់លាស់ និងការផ្លាស់ប្តូរគោលនយោបាយសកលលោក។
អគ្គលេខាធិការអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលលើកទី ១២ ។ កិច្ចប្រជុំនេះ បានធ្វើជាសហប្រធានដោយ លោក Datuk Seri Amir Hamzah Azizan រដ្ឋមន្ត្រីហិរញ្ញវត្ថុទី២ របស់ម៉ាឡេស៊ី និងលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារ Negara របស់ម៉ាឡេស៊ី។
កិច្ចប្រជុំរួមនេះ បានផ្តល់នូវឱកាសសម្រាប់ឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងទេសាភិបាលធនាគារកណ្តាល ធ្វើការពិភាក្សា និងចែករំលែកទស្សនៈជុំវិញចក្ខុវិស័យសេដ្ឋកិច្ចតំបន់ និងសកលលោក បានកត់សម្គាល់ពីវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមនានា នៅក្រោមក្របខណ្ឌហិរញ្ញវត្ថុ និងធនាគារកណ្តាលអាស៊ាន ព្រមទាំងបានផ្តល់នូវការណែនាំជុំវិញបញ្ហាហិរញ្ញវត្ថុដែលពាក់ព័ន្ធ។
តបតាមការអញ្ជើញរបស់លោក R.M. Marty M. Natalegawa អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និជាស្ថាបនិក Amity Circle នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀត Amity Circle លើកទី៣។
នៅក្នុងឱកាសនោះ បណ្ឌិត កៅ គឹមហួន បានចែករំលែកពីទស្សនៈស្តីពីស្ថានភាពភូមិសាស្ត្រនយោបាយពេលបច្ចុប្បន្ន ជាពិសេស ស្ថានភាពដែលប៉ះពាល់ដល់អាស៊ាន ព្រមទាំង ហានិភ័យដែលតំបន់អាចត្រូវដោះស្រាយនាពេលខាងមុខ។
អគ្គលេខាធិការអាស៊ាន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន នៅខែឧសភា ខាងមុខ ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ស្តីពីគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន ដូចជា ចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការចរចា កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ជាដើម៕