(ប៉ៃលិន)៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការរៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែរលម្អសោភ័ណភាព ត្រៀម សម្រាប់សង្ក្រាន្តប៉ៃលិន ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អទើបយើងមានឱកាសរៀបចំកម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ និងសុខដុមរមនា។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត គ្រោងរៀបចំ «សង្ក្រាន្តប៉ៃលិន» ឲ្យបានអធិកអាធមសម្រាប់ បងប្អូនប្រជាពលរដ្ឋ បានចូលរួមលេង កម្សាន្តសប្បាយ ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនាការ លេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង ណាទាក់ទាញចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើងឲ្យបានច្រើនកុះករ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានបន្តថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទ នឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារតាមអង្គភាព និងទីសាធារណៈឲ្យមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗ ត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ រមណីយដ្ឋានបតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្ត និងដងស្ទឹងប៉ៃលិន ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ ខាងមុខនេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានទេពធីតា ព្រះនាម ព្រះនាមគោរាគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អភរណទ្រង់ពាក់ កែវមុតាភក្សាហារទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់ផ្ទំបិទព្រះនេត្រលើខ្នងស្ដេចខ្លា ជាពាហនៈ៕