(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា យើងមិនអាចបដិសេធបាននោះទេ ចំពោះការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា របស់ប្រទេសចិន។ ដោយឡែកចំពោះបុគ្គល ដែលកំពុងរិះគន់ពីដំណើរការរីកចម្រើនរបស់កម្ពុជា គឺធ្វើឡើងក្នុងន័យកេងប្រយោជន៍នយោបាយតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកបណ្ឌិត បានឱ្យដឹងថា ជាទិដ្ឋភាពនយោបាយ ទំនាក់ទំនងរវាងកម្ពុជា និងចិន បង្ហាញពីភាពជាដៃគូដ៏ស្វាហាប់ និងឆ្ពោះទៅអនាគតរួមគ្នា ដោយឈរលើគោលការណ៍ស្មើភាព ស្មើសិទ្ធិ គោរពអធិបតេយ្យភាព ផ្តល់ផលប្រយោជន៍ និងជួយទុក្ខធុរៈគ្នាទៅវិញទៅមក។ កម្ពុជាតែងតែផ្ដល់ការគាំទ្រប្រទេសចិនចំពោះគោលនយោបាយចិនតែមួយ និងគាំទ្រលើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជា៖ គំនិតផ្ដួចផ្ដើមការអភិវឌ្ឍសកលជាដើម។
លោកបណ្ឌិត យង់ ពៅ លើកឡើងបែបនេះ នៅវេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» រៀបចំឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅក្នុងនយោបាយ BRI របស់ចិននេះ គេថា កម្ពុជាអាចនឹងរងនូវបណ្តាសាទណ្ឌកម្ម។ល។ ប៉ុន្តែអ្នកថាណុងកំពុងតែជិះនៅលើផ្លូវល្បឿនលឿន ដែលកសាង វិនិយោគដោយក្រុមហ៊ុនចិន […] ប៉ុន្តែពួកគាត់ភ្លេចខ្លួនថា ផ្លូវទាំងនេះជាការវិនិយោគរបស់ចិន អ្នកថាទាំងហ្នឹង គឺថាទាំងបំពាន ដើម្បីទស្សនៈនយោបាយជ្រុងមួយទេ»។
ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ បានគូសញ្ជាក់ថា ជាធម្មតាធ្វើផ្លូវរាប់រយ រាប់ពាន់គីឡូម៉ែត្រ តែងតែមានចំណុចខ្លះដែលវាមានបញ្ហាត្រូវជុសជុលបន្ថែម ដូច្នេះ គឺគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។ ជាទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសចិនជាប្រទេសវិនិយោគធំជាងគេនៅប្រទេសកម្ពុជាជាក់ស្ដែង ប្រទេសចិនបានវិនិយោគរាប់ពាន់លានដុល្លារលើផ្លូវថ្នល់ កំពង់ផែ និងអាកាសយានដ្ឋានរបស់កម្ពុជា ក្រោមគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។ ការវិនិយោគដែលផ្តល់មូលនិធិនិងជំនាញដោយចិននេះ បានផ្លាស់ប្តូរមុខមាត់របស់ប្រទេសកម្ពុជា ដោយបង្កើតការងារនិងជំរុញសម្ទុះសេដ្ឋកិច្ច ក៏ដូចជាការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនផងដែរ។
លោកបណ្ឌិត យង់ ពៅ បានបន្តថា ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ កម្ពុជាត្រូវការចាំបាច់នូវមិត្តភក្តិបរទេសដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដូច្នេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ដោយទំនាក់ទំនងកម្ពុជា-ចិន បានស្ដែងឡើងក្នុងរូបភាព ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ។ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បាននិយាយថា ប្រទេសចិនជា «មិត្តជាទីទុកចិត្តបំផុត» របស់កម្ពុជា។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បានបន្ថែមថា ភាពល្អឥតខ្ចោះ គឺមានតែពួកមហាអំណាចផុតលេខនោះទេ ពីព្រោះពួកគាត់ធ្វើអ្វីក៏ត្រឹមត្រូវដែរ។ ជាក់ស្តែងសហរដ្ឋអាមេរិក កំពុងតែដាក់របាំងពន្ធគយ ដែលបង្កជារឿងភ្ញាក់ផ្អើលមួយដល់ពិភពលោក ប៉ុន្តែ ចំណុចនេះក៏តែត្រឹមត្រូវដែរ។ ខណៈដែរ ចំណុចនេះបើមើលទៅគឺសហរដ្ឋអាមេរិក បានធ្វើសង្គ្រាមជាមួយបណ្តាប្រទេសនានានៅជុំវិញពិភពលោក។
លោកបណ្ឌិត យង់ ពៅ បានបន្ថែមថា ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជា-ចិន បានបង្ហាញថា ការវិនិយោគជាច្រើនតាមនយោបាយផ្លូវ និងខ្សែក្រវាត់របស់ចិន បានចាកបន្ថែមនៅក្នុងចរន្ដសេដ្ឋកិច្ចកម្ពុជា ដែលយើងទាញនៃជ្រុងមួយទៀតនៃដៃគូអភិវឌ្ឍនេះ ជាចំណុចសំខាន់ណាស់កម្ពុជាចិន ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាឱ្យស្ទុះងើបឡើង ហើយដែលយើងមិនអាចបដិសេធបាន។ សម្រាប់ផ្លូវល្បឿនលឿនដែលជាផ្លូវទីមួយរបស់កម្ពុជានោះ បានតភ្ជាប់ភ្នំពេញ និងក្រុងព្រះសីហនុ ដែលបានបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយការចំណាយលើការធ្វើដំណើរជាដើម។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រទេសចិនបានឈរលំដាប់លេខ ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ ៣.៤៥ពាន់លានដុល្លារអាមេរិក។ របាយការណ៍នេះបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៥០%នៃទុនវិនិយោគសរុបដែលកម្ពុជាទទួលបាន ៦.៩ពាន់លានដុល្លារអាមេរិក។
ចំណែកកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ៣៤% ក្នុងទំហំទឹកប្រាក់ ២.៣ពាន់លានដុល្លារ ខណៈវៀតណាមស្ថិតនៅលេខរៀងទី៣ រួមចំណែក៨% ក្នុងទំហំទឹកប្រាក់ ០.៥៥ពាន់លានដុល្លារ។ តាមពីក្រោយវៀតណាម គឺប្រទេសសិង្ហបុរី ដែលមានចំណែកវិនិយោគ ៣.៨៣% , កោះ Cayman មានចំណែក ០.៧១% និងម៉ាឡេស៊ី មានចំណែកវិនិយោគ ០.៦៥%៕