(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យប្រតិភូខេត្តយ៉ាឡាយ នៃសាធារដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ជឿង វ៉ាន់ដាត សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍គណៈបក្សខេត្ត និងជាក្រុមប្រឹក្សាប្រជាជន ខេត្តយ៉ាឡាយ ចូលជួបសម្តែងការគួរសម សួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលដ៍ខ្លីខាងមុខនេះ។
ថ្លែងក្នុងឱកាសនេះក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បាន សម្តែងនូវការអរគុណ និងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងប្រតិភូខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលតែងតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងមានចំណងសាមគ្គីភាពដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយរួម និងដោយឡែកសម្រាប់ខេត្តព្រះវិហារ តាមរយៈកិច្ចសហប្រតិបត្តិការស្រាវជ្រាវរុករកអដ្ឋិធាតុយុទ្ធជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅមាតុប្រទេសវិញ ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ច ការទំនាក់ទំនងលើវិស័យ ការងារ ពាណិជ្ជកម្ម ការអញ្ជើញសួរសុខទុក្ខ ជូនពរក្នុងឱកាសសំខាន់ៗ និងព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងជឿជាក់យ៉ាងមុតមាំថា ចំណងសាមគ្គីភាពរវាងខេត្តទាំងពីរ (ខេត្តព្រះវិហារ-យ៉ាឡាយ) ក៏ដូចជារវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការណ៍ដ៏រឹងមាំ ជាមួយគ្នា ជាយូរណាស់មកហើយ នឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរ ថែមទៀត។
ជាពិសេសនឹងបន្តមាន ទំនាក់ទំនងរវាងយុវជនខេត្តទាំងពីរ (ព្រះវិហារ-យ៉ាឡាយ) តាមរយៈការរៀបចំព្រឹត្តិការណ៍បោះជំរុំរួមគ្នា ឬផ្លាស់ប្តូរទស្សនកិច្ច ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ នៅពេលវេលាសមគួរណាមួយជាក់ជាមិនខាន៕