(ភ្នំពេញ)៖ ខណៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានខិតជិតមកដល់ បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសភាគច្រើន បាននិងកំពុងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាម ទំនៀមទម្លាប់ ប្រពៃណី សាសនា និងមានការធ្វើដំណើរកម្សាន្ត ទៅកាន់រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា ប្រកបដោយភាពសប្បាយរីករាយក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។
ជាមួយគ្នានេះ បងប្អូនកម្មករ និយោជិតមួយចំនួន ដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា នឹងមានភាពមមាញឹកទ្វេដងក្នុងការផ្តល់សេវាជូនអតិថិជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត និង សាធារណជន ដែលបានឈប់សម្រាក និងធ្វើដំណើរកម្សាន្ត ឬទៅទទួលសេវានៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា សូមមានការយោគយល់អធ្យាស្រ័យ ដល់បងប្អូនកម្មករនិយោជិត អ្នកផ្តល់ សេវា និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយ ក្នុងអំឡុងពេលនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះស្មារតីមនសិការវិជ្ជាជីវៈ របស់បងប្អូនកម្មករនិយោជិត ផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញនូវភារកិច្ចជាសារវន្ត និងមានចរិតជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននាឱកាសនេះ។
ទន្ទឹមនឹងនេះ ក្នុងនាមបងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្រសួងក៏សូមថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញភារកិច្ចរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងអំឡុងពេលឈប់សម្រាកនេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនកម្មករ និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ អាចមានពេលវេលាជួបជុំគ្រួសារដោយសប្បាយរីករាយ និងធ្វើដំណើរកម្សាន្ត ប្រកបដោយសុវត្ថិភាព។
ជាមួយនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋមេត្តាពិនិត្យបណ្តាញ អគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀន ឱ្យបានល្អមុនពេលចាកចេញពីលំនៅដ្ឋាន ទៅដើរកម្សាន្ត ឬត្រឡប់ ទៅស្រុកកំណើត ឬបិទទ្វារទីតាំងអាជីវកម្មរបស់ខ្លួន ដើម្បីបង្ការអគ្គិភ័យដោយយថាហេតុ។ សូមជូនពរបងប្អូនទាំងអស់ ធ្វើដំណើរទៅគ្រប់ ទីកន្លែងប្រកបដោយសុខសុវត្ថិភាព និងសូមបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ ដោយគោរពច្បាប់ចរាចរណ៍ និងអធ្យាស្រ័យ គ្នាទៅវិញទៅមក។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលើកដៃប្រណមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគទេវី តាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ ដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕