(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកែសម្រួលពេលវេលា លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ និងសេវាWiFI ដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាមខាងមុខនេះ។
បើតាមរយៈសេចក្ដីប្រកាស បានឱ្យដឹងយ៉ាងដូច្នេះថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥នេះ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់សាធារណជន បានជ្រាបថា៖
ក. លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ ៖ ដោយផ្អែកតាមស្ថានភាពអាកាសធាតុ ការដាក់បង្ហាញលៀសហាលនឹងត្រូវកែសម្រួលពេលវេលា ចាប់ផ្តើមពីវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ តទៅវិញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដដែល។ លៀសហាលកំពង់ចាមនឹងរៀបចំចាប់ពីមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស និងបត់តាមផ្លូវភ្លោះ ឆ្ពោះទៅ វេទិកាអុំទូក ក្រុងកំពង់ចាមដដែល។
ខ. ការផ្តល់សេវា WiFi ដោយឥតគិតថ្លៃ ដែលរដ្ឋបាលខេត្តបានរៀបចំផ្តល់ជូនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស ដោយមានឈ្មោះ «Sangkran KPC-2569»។
រដ្ឋបាលខេត្តកំពង់ចាម សូមអញ្ជើញប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញមកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម និងភ្លក្សរសជាតិលៀសហាលកំពង់ចាម ព្រមទាំង ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី និងដោយសប្បាយរីករាយ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម៖