(ពោធិ៍សាត)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមសេនាតេជោសន្តិភាព នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញបេសកកម្ម បង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅក្បែរមាត់ទឹកបឹងទន្លេសាប ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ តំណាងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ប្រធានក្រុមបង្ក្រាបបទល្មើសបឹងទន្លេសាប, លោកឧត្តមសេនីយ៍ត្រី ហេង ស៊ូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ព្រមទាំក្រុមសេនាតេជោ សន្តិភាពមួយចំនួនទៀត។
លោក កែវ ផុង បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាច ក្លាហានគ្រប់កាលៈទេសៈ ដើម្បីការពារទឹកដីជូនជាតិមាតុភូមិឱ្យបានគង់វង់ ជាពិសេសបាននឹងកំពុងបំពេញបេសកកម្មឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ទូទាំងផ្ទៃទឹកបឹងទន្លេសាប នាពេលនេះ។
លោកសូមកោតសរសើរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចបន្ថែម ចេញល្បាតទាំងថ្ងៃទាំងយប់ ទើសៗភ្លឺ ឈានទៅចាប់ជនល្មើសឆក់ត្រី អូសមង ដាក់មង ក្នុងឡូតិ៍អភិរក្ស ព្រមទាំងកាត់ស្បែមង ជនល្មើស ដែលបានដាក់លើសក្រឡាកំណត់អនុគ្រោះ។ យោងតាមរបាយការណ៍ នៃកិច្ចការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស រយៈពេលជាង៥ខែ ៤ថ្ងៃកន្លងមកនេះ ឃើញថាទិន្នផលត្រីមានការកើនឡើងជាកំហុក ក្នុងន័យនេះសូមឱ្យបងប្អូនកងកម្លាំងយើង បន្តពង្រឹងកិច្ចការងារនេះជាបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមតែមួយគត់ និងដើម្បី ឱ្យទិន្នផលត្រីកើនឡើងទៅថ្ងៃអនាគត។
លោកបានបន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ គស.២០២៥ដែលនឹងខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោកសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា បងប្អូនកងកម្លាំងយើងទាំងអស់ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ លោក កែវ ផុង ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញបេសកកម្ម បង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រួមមាន៖ អង្ករ៤តោន, មី៣០០កេស, ទឹកបរិសុទ្ធ២០០កេស, ទឹកស៊ីអ៊ីវ២០០យួរ, ទឹកត្រី២០០យួរ, សាច់ជ្រូក១៥០គីឡូក្រាម និងថវិកាមួយចំនួន។
ក្នុងថ្ងៃដដែលនោះ លោក កែវ ផុង ព្រមទាំងប្រតិភូអបដំណើរ ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ របស់បងប្អូនប្រជានេសាទឃុំកំពង់លួង និងបន្តពិនិត្យទិន្នផលត្រី ក្នុងឡូតិ៍អភិរក្សកំពង់ប្រាក់ ស្ថិតឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ៕