(បាត់ដំបង)៖ សាលាដំបូងខេត្តបាត់ដំបង បានសម្រេចដោះលែងស្ដ្រីម្នាក់ឈ្មោះ ចិន ស្រីដា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បន្ទាប់ពីត្រូវបានសាលាដំបូងខេត្តសៀមរាបឃុំខ្លួន កាលពីពេលកន្លងទៅនេះ តាមបណ្ដឹងរបស់ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ពីបទ «គំរាមកំហែងហែកកេរ្ដិ៍»។ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ជាកូនបំណុលរបស់ស្ដ្រីឈ្មោះ ចិន ស្រីដា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង បានអះអាងថា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបងបានបើកសវនាការ ជាអសាធារណៈ ជំនុំជម្រះលើសំណុំរឿងសភាព្រហ្មទណ្ឌ (មុនអង្គសេក្ដី) លេខ ៣៣៨ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ពីបទ «គំរាមកំហែងហែកកេរ្តិ៍» ដែលមានជនជាប់ចោទឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ នាពេលសវនាការរួចមក ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាអសាធារណៈនូវ សាលដីកា ព្រហ្មទណ្ឌ លេខ ០៤ «ច» ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយបានសម្រេចសេចក្ដី ដោះលែងជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ឲ្យមានសេរីភាព។ សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍បាត់ដំបង នឹងបើកសវនាការលើសំណុំរឿងអង្គសេចក្ដី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕