(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងវិធានការសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ជាពិសេសសម្រាប់ថ្ងៃចូលឆ្នាំប្រពៃណីជាតិ នាខាងពេលមុខនេះ។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត,​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុងស្រុកទាំងអស់ ស្នងការរង នាយការិយាល័យជំនាញ អធិការក្រុង/ស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បានផ្ដល់អនុសាសន៍ណែនាំចំណុចសំខាន់ៗ ទាក់ទងទៅនឹងវិធានការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនសង្គមជាតិ។ លោកចាត់ទុកថា ការងារផ្សព្វផ្សាយការអនុវត្តគោលនយោបាយ ភូមិឃុំ/សង្កាត់​ មានសុវត្ថិភាពដែលជាការងារចាំបាច់ចំពោះមុខសម្រាប់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានជោគជ័យ​ស្របទៅតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាលនៃកម្ពុជា។

លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បានណែនាំដល់កម្លាំងស្នងការនគរបាលខេត្តព្រះវិហារទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសឆ្លងដែន បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការសំខាន់ៗជាច្រើនទៀត។

លោក គឹម រិទ្ធី បានថ្លែងថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោកសូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញរបស់ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត គំនិត ប្រាជ្ញ ស្មារតីបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខទាំងលោកឧត្តមសេនីយ៍ឯក សម ​វណ្ណវីរៈ និងលោក គឹម រិទ្ធី បានជូនពរកងកម្លាំងនគរបាលជាតិខេត្ត មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីរួមចំណែកការពារសន្តិសុខសណ្តាប់ ជូនប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយផងដែរ៕