(កណ្ដាល)៖ លោក ស៊ាង ណារ៉ា ចៅក្រមសាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកបើករថយន្ដដេញបុកជនរងគ្រោះម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន។ នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។
ការសម្រេចឃុំខ្លួនអ្នកបើករថយន្ដបង្កឈ្មោះ សែម វិចទ័រ នេះធ្វើឡើងក្រោយលោកស្រី ផាន់ សុគន្ធថន តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ទី១៖ ប៉ុនប៉ងឃាតកម្ម, ទី២៖ ធ្វើឲ្យខូចខាតដោយចេតនា និងទី៣៖ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង។
សូមរំលឹកថា ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយជនរងគ្រោះឈ្មោះ ផល វុទ្ធី អាយុ៣២ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន ត្រូវរបួសចំក្បាល និងជើងខាងធ្វេង។ ជនបង្កឈ្មោះ សែម វិចទ័រ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានកម្រិតជាតិអាល់កុលក្នុងខ្លួនចំនួន ០,47 mg/L។
យោងតាមកាមេរ៉ាសុវត្ថិភាពនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២១៖៥០នាទី ជនបង្កជិះរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-6536 បានជិះដេញតាមម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 បើកបរដោយឈ្មោះ ផល វុទ្ធី ចាប់ពីចំណុចស្តុបតាលន់ (កាកបាទក្រហម) លុះមកដល់ផ្លូវបំបែកជា៣ ដោយសារខ្លួនជិះម៉ូតូក្នុងល្បឿនលឿន ក៏បានរេចង្កូតដួលនៅមុខផ្ទះលក់ភេសជ្ជៈ។ ពេលនោះរថយន្តខាងលើ បានបើកមកតាមបុកពីក្រោយ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបណ្តាលឲ្យខូចខាតអស់មួយចំនួន ហើយម្ចាស់រថយន្តខាងលើ ក៏បានបើករថយន្តថយក្រោយ ក្នុងគោងបំណងជិះមកបុកខ្លួនបន្តទៀត ប៉ុន្តែរថយន្តនោះខូចទៅមុខមិនរួច ស្រាប់តែអ្នកបើកបររថយន្តនោះ ចុះពីលើរថយន្តវាយខ្លួនជាច្រើនដៃបន្ថែមទៀត តែមានប្រជាពលរដ្ឋមកជួយឃាត់។
តាមការបំភ្លឺរបស់ឈ្មោះ ផល វុទ្ធី បានបញ្ជាក់ថា មុនពេលកើតហេតុមានរថយន្តបង្កបានស៊ីផ្លេ និងកៀរម៉ូតូខ្លួននៅចំណុចមុខបុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ពេលនោះខ្លួនក៏បានជិះតាមពីក្រោយ រហូតដល់ចំណុចស្តុបតាលន់ (ស្តុបកាកបាទក្រហម) រថយន្តខាងលើក៏បានឈប់ចាំភ្លើងស្តុប ពេលនោះខ្លួនក៏បានឈប់ម៉ូតូក្បែររថយន្តនោះ ហើយធ្វើការគោះកញ្ចក់ទ្វាខាងស្តាំ ចំនួន២ដង។
បន្ទាប់ខ្លួនក៏បានជិះម៉ូតូបត់ស្តាំតាមបណ្តោយផ្លូវ២១A រថយន្តខាងលើបានជិះដេញតាមពីក្រោយរហូតដល់ការ៉ាស់សាំងកាលតិច រួចបត់ឆ្វេងចូលទៅផ្លូវប៉េតុង លុះដល់ផ្លូវបំបែកជា៣ បើកមកតាមបុកពីក្រោយ ក៏ជ្រុលទៅបុករបងផ្ទះ ប្រជាពលរដ្ឋនៅក្បែរនោះបណ្តាលឲ្យខូចខាតអស់មួយចំនួន បន្ទាប់មកក៏មានសមត្ថកិច្ចចុះទៅដល់ធ្វើការឃាត់ខ្លួនអ្នកបើករថយន្ត យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណែកខ្លួនក៏បានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីពេទ្យជ័យជំនះ។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា គាត់ពិតជាជិះរថយន្តបុកម៉ូតូជនរងគ្រោះប្រាកដមែន ព្រោះខឹងជនរងគ្រោះបានវាយកញ្ចក់រថយន្តរបស់គាត់។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅកសាងសំណុំរឿងតាមនីតិវិធី៕