(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ នៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីតមន្ត្រីរាជការស៊ីវិល មកពីមន្ទីរអង្គភាព ក្នុងក្រុងពោធិ៍សាត់ ចំនួន៥៥៩នាក់ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងអតីតមន្ត្រីចូលនិវត្តន៍យ៉ាងច្រើនកុះករ។

លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានរាយការណ៍ដោយសង្ខេបថា ឆ្នាំ២០២៥នេះ និវត្តជន ក្នុងខេត្តមានចំនួន១,៦២០នាក់ ក្នុងនោះនិវត្តន៍ជនតាមមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងក្រុងពោធិ៍សាត់ ចំនួន៥៥៩នាក់ បានមកជួបជុំក្នុងពិធីសំណេះសំណាល ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលខេត្ត ក្នុងគោលបំណងសម្តែងនូវការនឹករលឹក បន្ទាប់ពីបានបែកគ្នាមួយគ្រាកន្លងមក។ លោកបានឱ្យដឹងថា នៅទូទាំងខេត្តពោធិ៍សាត់ មានតតីតយុទ្ធជន ចំនួន៥,៥០៩នាក់ មជ្ឈមណ្ឌលចិញ្ចឹមកុមារកំព្រា៣កន្លែង ចំនួន១៣៦នាក់ គ្រួសារក្រីក្រដែលកំពុងទទួលប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ចំនួន២៣,២៥៩នាក់ ស្ត្រីមានផ្ទៃពោះក្នុងគ្រួសារក្រីក្រ ចំនួន៤២៦នាក់ កុមារអាយុក្រោម២ឆ្នាំ ចំនួន៩៣៤នាក់ សិស្សអាហារូបករណ៍ក្រីក្រ ចំនួន១៥,៧៣៩នាក់ និងយុវជនកំពុងសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៤៦៥នាក់។ ជាទូទៅរៀមច្បងជាអតីតមន្ត្រីរាជការ រស់នៅជាមួយកូនចៅ និងសាច់ញ្ញាតិ និងមួយចំនួនតូចរស់នៅដោយពឹងផ្អែកលើខ្លួនឯង ទៅតាមកម្លាំងមនុស្សចាស់ គួបផ្សំនិងរបបគោលនយោបាយប្រចាំខែ ដោយបើកប្រាក់បៀរវត្តន៍ តាមរយៈបច្ចេកវិទ្យា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ការជួបជុំគ្នានេះ ធ្វើឡើងដើម្បីបង្កឱកាសជូនរៀមច្បង ជាអតីតមន្រ្តីរាជការស៊ីវិល ក្នុងក្រុងពោធិ៍សាត់ ទាំង៥៥៩នាក់ បានជួបជុំពិភាក្សា សួរសុខទុក្ខ សំណេះសំណាល និងឈ្វែងយល់អំពីស្ថានភាព ជីវភាពរស់នៅ គ្នាទៅវិញទៅមក ក្នុងន័យបង្កើនចំណងសាមគ្គីភាព និងមិត្តភាព ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩។ ជាការពិតណាស់ លោកពូ លោកអ៊ុំ អ្នកមីង ជារៀបច្បង ពេលនេះចប់ភារកិច្ចក្នុងការបម្រើជាតិក៏ពិតមែន ប៉ុន្តែមិនត្រូវមានចិត្តអស់សង្ឃឹមនោះទេ ព្រោះនៅមានកាតព្វកិច្ចជួយជ្រោមជ្រែង ទៅដល់យុវជនជំនាន់ក្រោយៗទៀត។

លោកបានបន្តថា ការជួបជុំគ្នានេះ គឺជាការរំលឹកដឹងគុណ អតីតមន្ត្រីរាជការស៊ីវិល ដែលបានខិតខំតស៊ូអត់ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល ក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសបានកសាងកេរ្តិ៍តំណែល និងស្នាដៃដ៏មានសារៈសំខាន់ ទាំងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយរៀនសូត្រ និងយកទៅអនុវត្តតាម។ លោកបានក្រើនរំលឹកដល់និវត្តន៍ជនទាំងអស់ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ និងខិតខំចូលរួមថែរក្សាការពារសមិទ្ធផលសង្គម ឱ្យបានគង់វង់យូរអង្វែង ដល់កូនចៅជំនាន់ក្រោយៗទៀត។

តាមរយៈការសំណេះសំណាលនេះ លោកបានជម្រាបជូនដល់រៀបច្បងថា នៅចំពោះមុខនេះខេត្តពោធិ៍សាត់ ត្រូវបានថ្នាក់ជាតិ រួមជាមួយថ្នាក់ក្រោមជាតិ ផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍សមិទ្ធផលធំៗជាច្រើន ដូចជាទំនប់ទឹកទី២ នៅស្រុកភ្នំក្រវាញ ទំនប់ធារាសាស្ត្រក្បាលហុង និងអូរតាប៉ោង តាណៃ សម្រាប់បម្រើការស្រោចស្រព លើវិស័យកសិកម្មគ្រប់រដូវកាល របស់ប្រជាកសិករ។ ចំពោះរដ្ឋបាលខេត្តក៏បានខិតខំអភិវឌ្ឍន៍ តាមច្រាំងស្ទឹងពោធិ៍សាត់ ឱ្យក្លាយទៅជាសួនច្បារ ជាទីកន្លែងសម្រាប់ហាត់ប្រាណ និងកាន់តែមានសោភណ្ឌភាព ទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺភ្នំ១៥០០ ឬហៅថាផ្លូវបុផ្ផាលាក់ខ្លួន ក្នុងស្រុកវាលវែង ដែលប្រជាពលរដ្ឋទូទាំងប្រទេស គាំទ្ររក្សាទុកជាសម្បត្តិរបស់ជាតិ មិនអាចបុគ្គលណា ទៅរំលោភបំពានបានឡើយ។

ជាការពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែខិតខំប្រឹងប្រែង និងបាននាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ។ លោក ខូយ រីដា សូមបួងសួងដល់បុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធក្នុងលោក ជាពិសេសបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ព្រះអង្គចៅសែន និងទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ជួយអភិបាលគ្រប់គ្រង ថែរក្សា គាំពារ និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់រៀបច្បង និងប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យមានសន្តានចិត្តជាកុសល យោគយល់អព្យាស្រ័យ សន្តោសប្រណី និងរួមសាមគ្គីគ្នា ក្នុងមហាគ្រួសារតែមួយ ក្រោមម្លប់សន្តិភាពតែមួយ ព្រមទាំងបានឧបត្ថម្ភ ដល់អតីតមន្ត្រីរាជការស៊ីវិល ក្រុងពោធិ៍សាត់ ទាំង៥៥៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕