(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Kevin Luoនាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. និងជាប្រធានមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដើម្បីបន្តកិច្ចសហការធ្វើសកម្មភាពមនុស្សធម៌ និងកិច្ចការងារសង្គម។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងសហការីទាំងអស់នៃមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានចូលរួមជាមួយក្រសួងព័ត៌មានធ្វើសកម្មភាពការងាររយៈពេលមួយឆ្នាំកន្លងមកនេះ ដោយពិនិត្យឃើញថាប្រជាជន ជាពិសេសកុមារា កុមារី មានការសប្បាយរីករាយ ដែលបានអំណោយជាសម្ភារផ្សេងៗផ្តល់ដោយមូលនិធិសប្បុរសធម៌ វ័នរ៉ូដ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា មូលនិធិសប្បុរសធម៌ វ័នរ៉ូដ បានធ្វើសកម្មភាពមនុស្សធម៌ជាមួយក្រសួងព័ត៌មាន ជាច្រើនសម្រាប់ប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាល ដូច្នេះ ចំណុចនេះវាជាការផ្សារភ្ជាប់ដោយបង្ហាញពីសមិទ្ធផលនៃមនុស្សធម៌ទាំងនេះ ទៅឱ្យមូលនិធិវ័នរ៉ូដ នៅតាមបណ្តាប្រទេសផ្សេងៗទៀត បានមើលឃើញពីគំរូល្អៗរបស់មូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជាផងដែរ។
លោក Kevin Luo បានថ្លែងថា ក្នុងនាមជាក្រុមវិនិយោគបរទេសដែលកំពុងធ្វើសកម្មភាពរកស៉ីនៅកម្ពុជា គឺលោកបានប្រកាសគាំទ្ររាល់សកម្មភាពទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមចំណែកបរិច្ចាគនូវធនធានទាំងថវិកា និងសម្ភារដើម្បីបម្រើដល់ការងារមនុស្សធម៌នៅកម្ពុជា។
ភ្ជាប់ជាមួយនឹងការជួបសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ក្រុមហ៊ុន Oneroad Group (Cambodia) នាំអង្ករ ចំនួន១តោន ដើម្បីប្រគល់ជូនរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រើប្រាស់នៅក្នុងកិច្ចការងារមនុស្សធម៌នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនដល់ប្រធានមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា គឺបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ព្រោះថាសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីដោះស្រាយបញ្ហា និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពមួយចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ដែលដាក់ចុះភ្លាមៗដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពេលឡើងដឹកនាំរាជរដ្ឋាភិបាល។
តាមរយៈកិច្ចសហការល្អរវាង ក្រសួងព័ត៌មាន និងមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បានចែកអំណោយជាស្បៀងអាហារ និងសម្ភារសិក្សាដល់កូនៗមន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងឱកាសនៃការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា និងចែកជូនដល់សិស្សានុសិស្សនៅទីជនបទក្នុងខេត្តក្រចេះផងដែរ។ ទន្ទឹមជាមួយនេះ មូលនិធិសប្បុរសធម៌ វ័នរ៉ូដ ក៏បានផ្តល់នូវអង្ករសម្រាប់ចូលរួមកិច្ចគាំពារដល់មន្រ្តីក្រសួងព័ត៌មានដែលមានជីវភាពខ្វះខាត និងចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅមូលដ្ឋានខេត្តក្រចេះថែមទៀតផង៕