(ភ្នំពេញ)៖ លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំសមាជិក និងនាំយកមូលនិធិររបស់សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ចំនួន ២ ០៤៤ដុល្លារ, សមាគមសមាធិព្រះធម៌កម្ពុជា ចំនួន ៣ ៦៧២ដុល្លារ និងអង្គការមូលនិធិកម្ពុជាចិន ដើម្បីមនុស្សធម៌និងទ្រទ្រង់ព្រះពុទ្ធសាសនាចំនួន ៣ ១៦៨ដុល្លារ សរុប ៨ ៨៨៨ដុល្លារ ជូនលោក Kyaw Soe Min ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា ដែលបានកៀរគរពីសប្បុរសជនទាំងបីស្ថាប័នខាងលើ ប្រគល់ជូនស្ថានទូត ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះរញ្ជួយដី។
នាឱកាសនោះ លោកស្រី ឧកញ៉ា បណ្ឌិត បានថ្លែងថា ថវិកានេះមិនមានចំនួនច្រើនពិតមែន ប៉ុន្តែដើម្បីជាការចូលរួមរំលែកទុក្ខ និងចែករំលែកក្តីស្រឡាញ់ដល់ប្រជាជនភូមា នៅគ្រាជួបទុក្ខលំបាក ដែលបានរងគ្រោះដោយគ្រោះរញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយយ៉ាងក្រៃលែង និងចាត់ទុកថា ជំនួយនេះនឹងមិនត្រឹមតែអាចជួយអ្នករងគ្រោះទេ តែក៏នឹងក្លាយជាចំណែករឹតចំណងមិត្តភាពប្រទេស និងប្រជាជនទាំងពីរផងដែរ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា គឺជារញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល១ទសវត្សរ៍មកនេះ ហើយវាបានសម្លាប់មនុស្សយ៉ាងហោច ៣ ៦៤៥នាក់ គិតត្រឹមថ្ងៃទី១១ ខែមេសា៕