(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល «ស.វ.ស» ទាំងពីរទីតាំង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃចំនួន៥អង្គ ប្រោះព្រំ សិរីសួស្តី វិបុលសុខ ដើម្បីផ្តល់ពរជ័យទទួលយកអំណរឆ្នាំថ្មី នាំមកនូវសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩។

ពិធីនេះបានរៀបចំឡើងនៅថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃស.វ.ស,ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតស.វ.សផងដែរ។

បន្ទាប់ពីព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តចប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតបានចូលរួមរាប់បាត្រ ដើម្បីឲ្យព្រះសង្ឃឧទ្ទិសកុសលមគ្គផលដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ, ការប្រគេនបច្ច័យ និងទេយ្យវត្ថុចំពោះព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

កម្មវិធីនាព្រឹកនេះ ក៏មាននូវការសម្តែងរបាំជូនពរ និងរបាំត្រុដិ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តី ជ័យមង្គល និងវិបុលសុខក្នុងឆ្នាំថ្មី។

នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីពិសាអាហារសាមគ្គី ដើម្បីជួបជុំគ្នាក្នុងក្រុមគ្រួសារ ស.វ.ស និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ស.វ.ស ទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ ជួយគាំទ្រលើកស្ទួយកិត្យានុភាព ស.វ.ស ឱ្យលេចធ្លោទាំងនៅលើឆាកជាតិ តំបន់ និងអន្តរជាតិ ក្រោមវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ប្រធានដេប៉ាតឺម៉ង់/ប្រធានអាសនៈ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រមាណជាង ៣០០នាក់។

ឆ្លៀតក្នុងឳកាសនោះលោកស្ត្រាចារ្យ សាផុន វឌ្ឍនៈ បាននាំយកនូវការថ្លែងអំណរគុណ និងការជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងនិស្សិតនៃ ស.វ.ស ។ជាមួយគ្នានោះលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានជម្រាបជូនអង្គពិធីពីសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលសាកលវិទ្យាល័យសម្រេចបានគឺ ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ ចាប់ពីឆ្នាំ២០២៤-២០២៨ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។

សូមជម្រាបថា ក្នុងឳកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏បានរៀបចំលេងល្បែងប្រជាប្រិយផងដែរ ដែលចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតជាច្រើននាក់៕