(សេអ៊ូល)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រព័ន្ធគោលនយោបាយបានទទួលជោគជ័យនៅកម្ពុជា គឺនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រស្ថាបនាប្រទេសឡើងវិញក្រោយសង្គ្រាម។ សម្តេចប្រធានរដ្ឋសភា បានរៀបរាប់ពីសសរស្តម្ភសំខាន់ទាំង១០ នៃទ្រឹស្តីរបស់សម្តេចតេជោ ដែលអាចផ្តល់ជាបទពិសោធន៍ និងជាប្រភពនៃគំនិតសម្រាប់បណ្ដាប្រទេសនានាទូទាំងពិភពលោក ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

១. ការបង្កើតទំនុកចិត្តដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព។ នៅត្រង់ចំនុចនេះសម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ទំនុកចិត្តជាធាតុចូលដ៏ចាំបាច់ក្នុងការកសាង និងរក្សាទំនាក់ទំនងសន្តិភាពរវាងបណ្តាប្រទេសនានា និងសហគមន៍។

២. ការបញ្ចប់សង្គ្រាមតាមរយៈកិច្ចពិភាក្សា។ កិច្ចពិភាក្សាត្រូវបានជ្រើសយកជាវិធីសាស្ត្រអាទិភាពក្នុងការដោះស្រាយជម្លោះ និងបញ្ចប់សង្គ្រាម។

៣. ការលើកកម្ពស់ការសហការគ្នារវាងនយោបាយនិងយោធា។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ការសហការអង្គភាពនយោបាយ និងយោធាជាធាតុដ៏សំខាន់ក្នុងការរក្សានិរន្តរភាពនៃសន្តិភាព និងស្ថិរភាព។

៤. ការលើកកម្ពស់ការរួមបញ្ចូលកិច្ចការសង្គមនិងសេដ្ឋកិច្ច។ ការរួមបញ្ចូលកិច្ចការសង្គមនិងសេដ្ឋកិច្ចជាអាទិភាពដើម្បីនាំមកនូវភាពសុខដមរមនា និងការរីកចម្រើនរបស់ជាតិ។
៥. ការផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ។នៅត្រង់ចំនុចនេះសម្តេចប្រធានរដ្ឋសភាគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមដែលផ្សារភ្ជាប់សន្តិភាពជាមួយនឹងការអភិវឌ្ឍអាចធានានិងជួយពង្រឹងគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាព។

៦. ការធានាឱ្យបានចំពោះភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាគ្រឹះនៃសន្តិភាព។ ការបង្រួបបង្រួមក្នុងសង្គមគឺជាមូលដ្ឋានគ្រឹះក្នុងការរក្សានិរន្តភាពនៃសន្តិភាពក្នុងសង្គម។

៧. ការផ្សារភ្ជាប់សន្តិភាពនិងការផ្តល់នូវយុតិ្តធម៌ក្នុងរយៈពេលអន្តរកាល។ ការអនុវត្តយន្តការយុត្តិធម៌ក្នុងរយៈពេលអន្តរកាលជួយឱ្យសង្គមផ្សះផ្សានិងជាសះស្បើយបន្ទាប់ពីមានជម្លោះ។

៨. ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដែលនាំទៅរកសន្តិភា។សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្ថែមថា ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិជាអាទិភាពចម្បងក្នុងការលើកកម្ពស់សន្តិភាពពិភពលោក។

៩. ការលើកកម្ពស់ពហុភាគីនិយមដើម្បីសន្តិភាព៖ ការកសាងកិច្ចសហប្រតិបត្តិពហុភាគីអាចជួយជម្រុញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតសន្តិភាពទូទាំងពិភពលោក។

១០. ការគោរពច្បាប់អន្តរជាតិដើម្បីជាមូលដ្ឋានគ្រឹះនៃសន្តិភាព។ ការអនុវត្តអនុលោមតាមច្បាប់អន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សកល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរំលឹកថា សសរស្តម្ភនៃទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានបង្ហាញពីដំណើររបស់កម្ពុជាទៅរកសន្តិភាពប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងអាចជាមាគ៌ាដ៏សំខាន់សម្រាប់បណ្តាប្រទេសផ្សេងទៀត ក្នុងការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕