(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានធ្វេីការបង្ហាញ មុខជនសង្ស័យចំនួន២១នាក់ជាសាធារណៈ ដែលបង្ក្រាបបាននៅតាមបណ្តាមូលដ្ឋានទាំង១៤ខណ្ឌ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងសមត្ថកិច្ចបានធ្វើសន្និសិទ្ធសារព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន២១នាក់ ដែលសមត្ថកិច្ចជំនាញ និងនៅតាមបណ្តាលខណ្ឌនានា ធ្វេីការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៧ករណី ក្នុងរយៈពេល៣ថ្ងៃ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបន្តទៀតថា ចំណោមជនសង្ស័យ២១នាក់ ក្នុងនោះមាន៩នាក់ផ្ទុកនូវសាធាតុញៀន និង២នាក់ ទើបតែចេញពីពន្ធនាគារ ដោយបានប្រព្រឹត្តចំនួន៧ករណី នៅក្នុងនោះ ឆក់៣ករណី, លួចបន្លំ២ករណី, ក្មេងទំនើងបង្កហិង្សាវាយតប់គ្នាទៅវិញ ឃាត់ខ្លួនបាន៥នាក់ និងក្លែងបន្លំឯកសណ្ឋាននគរបាលជាតិបង្ក្រាបបាន៦នាក់។ ដោយឡែក ចំពោះករណីឆក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបជាបន្តបន្ទាប់ចំនួន៦នាក់ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញខណ្ឌទួលគោក និងខណ្ឌបឹងកេងកង។

ចំណែកករណីលួចបន្លំទម្លាក់យោង ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង បង្ក្រាបបានចំនួន២នាក់ និងករណីហិង្សានៅសង្កាត់ទួលសង្កែទី១ ដោយមានពលរដ្ឋបង្ហោះនៅតាមបណ្ដាញសង្គម ហេីយក៏ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបាន៥នាក់ រួមជាមួយខណ្ឌច្បារអំពៅ ឃាត់បានជនសង្ស័យធ្វើសកម្មភាពឆក់ចំនួន២នាក់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បន្ថែមថា រយៈពេល៣ខែចុងក្រោយនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ស្រាល និងតាមបណ្ដាខណ្ឌនានា បានធ្វើការស្រាវជ្រាវបង្ក្រាបជនសង្ស័យជាច្រើនគួរឲ្យកត់សម្គាល់។ ក្នុងពេល៣ខែនេះ បទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ១២២លើកលើ១៤០លើក ដែលសមត្ថកិច្ចបង្ក្រាបបានចំនួន១១៦ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន១៧១នាក់ គឺស្មើនឹង៩៥%។

ដោយក្នុងនោះ បទល្មើសឧក្រិដ្ឋចំនួន២០លើក បង្ក្រាបបាន១៩លើក និងករណីមជ្ឈិមចំនួន១០២លើក បង្ក្រាបបាន៩៧លើក ឃាត់ខ្លួនជនសង្ស័យចំនួន១២១នាក់ ព្រមទាំងបទល្មើសឧក្រិដ្ឋ និងបទល្មើសមជ្ឈិម គឺមានការថយចុះផងដែរ។ ក្រោយពីធ្វេីការបង្ហាញមុខជនសង្ស័យទាំង២១នាក់ខាងលេីនេះរួចមក កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់៕