(បាត់ដំបង)៖ ថ្នាក់ដឹកនាំខេត្តបាត់ដំបង បានរៀបចំពិធីបួងសួង បំបួសភ្នំខ្សាច់ សម្រាប់សង្ក្រាន្តឆ្នាំថ្មី ដើម្បីត្រៀបរៀបចំ «សង្ក្រាន្តបាត់ដំបង» និងប្រគល់ភេសជ្ជជាង២ពាន់កេសជូនរដ្ឋបាលក្រុង ស្រុក សម្រាប់ប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សា និងលោក សុខ លូ អភិបាលខេត្ត។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពនានា កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក មន្ដ្រីរាជការក្នុងខេត្ត នៅមុខសារ:មន្ទីរប្រវត្តិសាស្រ្ត (អតីតសាលាខេត្តចាស់) ស្ថិតនៅផ្លូវលេខ១ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីកម្មវិធីលោកអាចារ្យ បានធ្វើឡើងទៅតាមទំនៀមទំលាប់ប្រពៃណី រួចមក លោក សុខ លូ បានប្រគល់ភេសជ្ជ: ដែលជាអំណោយរបស់លោក កើត រិទ្ធ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ជូនដល់រដ្ឋបាលក្រុង ស្រុក សរុបចំនួន២,៣០០កេសទុកសម្រាប់ ពិសារក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើអំពីការចូលរួម បំពេញការងារសង្ក្រាន្ដឆ្នាំថ្មីនេះ ឲ្យបាលផុសនៅតាមទីកន្លែងរៀងៗខ្លួន និងការចូលរួមជួយការនៅក្នុងសង្ក្រាន្ដបាត់ដំបងនេះផងដែរ៕