(កំពង់ធំ)៖ ក្នុងឱកាសប្រារព្ធពិធី «សង្ក្រាន្តកំពង់ធំ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ នឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញធុនធំចូលក្រុងស្ទឹងសែន ចាប់ពីចំណុចរង្វង់មូលតាក្រហមក ដល់រង្វង់មូលរូបសំណាកតាអាចារ្យលាក់ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍ សម្រួលដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលមកលេងកម្សាន្តក្នុងក្រុងស្ទឹងសែន។
ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ចៀសវាងការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តកំពង់ធំ ស្នើពង្វាងចរាចរចំពោះរថយន្តដឹកទំនិញធុនធំចូលក្រុងស្ទឹងសែន ចាប់ពីចំណុចរង្វង់មូលតាក្រហមក ដល់រវង្វង់មូលរូបសំណាកតាអាចារ្យលាក់ ដោយអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ចូលក្រុងស្ទឹងសែន ចំពោះតែរថយន្តទេសចរណ៍លក្ខណៈគ្រួសារតែប៉ុណ្ណោះ និងបិទចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តីរវិថី ស្ទឹងសែន (ផ្លូវសួនស្ទឹងសែន) ដែលជាទីតាំងប្រារព្ធពិធី «សង្ក្រាន្តកំពង់ធំ» តាមកាលបរិច្ឆេទដែលបានកំណត់ខាងលើ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកលេងកម្សាន្តតាមសួនដងស្ទឹងសែន ដែលជាទីតាំងប្រារព្ធពិធី សូមមេត្តាចតយានជំនិះនៅតាមចំណត ដែលរដ្ឋបាលខេត្តបានរៀបចំជូន (ទីតាំងក្នុងផែនទីឧបសម្ព័ន្ធជូនភ្ជាប់)៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ៖