(កំពង់ចាម, ត្បូងឃ្មុំ)៖ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ជាចំណងដៃដ៏ពិសិដ្ឋដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនអ្នកខេត្តកំពង់ចាម និងត្បូងឃ្មុំ ជាពិសេសអ្នកស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ, នៅពេលនេះចំណងដៃថ្មីមួយទៀត គឺផ្លូវជាតិលេខ៧១សេ ដែលចាប់ផ្តើមសាងសង់ក្នុងដំណាក់កាលសម្តេចតេជោដឹកនាំ ក៏ត្រូវបានសាងសង់រួចរាល់ក្លាយជាចំណងមរតកដ៏មានគុណតម្លៃបំផុតសម្រាប់ពលរដ្ឋខេត្តត្បូងឃ្មុំ និងកំពង់ចាម។
ផ្លូវជាតិលេខ៧១សេ បានដាក់ឱ្យពលរដ្ឋធ្វើដំណើរតាំងពីឆ្នាំ២០២៤មកម្ល៉េះ តែពិធីសម្ពោធផ្លូវការទើបនឹងធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧១សេ បានប្រកាសបើកការដ្ឋានរួមគ្នានៅក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ផ្លូវនេះ មានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
គម្រោងនេះត្រូវបានសាងសង់ឡើងស្របតាមបច្ចេកទេស រួមមាន៖ ផ្លូវមេមានប្រវែង ៩២,៤៤៦គីឡូម៉ែត្រ ទទឹងផ្លូវនៅក្រៅទីប្រជុំជន ប្រវែង ១១ម៉ែត្រ និងនៅក្នុងទីប្រជុំជន ប្រវែង ៩ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ៧សង់ទីម៉ែត្រ, ផ្លូវតភ្ជាប់មានប្រវែង ១៥,៨២១ គីឡូម៉ែត្រ ទទឹងផ្លូវ ប្រវែង ១០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ, ផ្លូវខ្នែងមានចំនួន ៩ខ្សែ ប្រវែង ៦,៧២៥ គីឡូម៉ែត្រ ទទឹងតួផ្លូវ ប្រវែង ៧ម៉ែត្រ ក្រាលកៅស៊ូពីរប្រទាប់ DBST, ស្ពានធំៗ មានចំនួន ៣កន្លែង ប្រវែងសរុប ៦៣៥ម៉ែត្រ, ស្ពានមធ្យម មានចំនួន ៨កន្លែង ប្រវែង សរុប ២៣៧ម៉ែត្រ ដាក់លូគ្រប់ប្រភេទ ចំនួន ១៩៩កន្លែង និងមានកន្លែងសម្រាប់រថយន្តបត់ត្រឡប់ (U-Tum) រួមជាមួយនឹងការងារគូសគំនូសចរាចរណ៍ បំពាក់ផ្លាកសញ្ញាចរាចរណ៍ រនាំងសុវត្ថិភាព និងដាំបង្គោលគីឡូម៉ែត្រ ស្របតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
ផ្លូវនេះ បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយចំណាយថវិកាសាងសង់សរុបប្រមាណ ១៣៣លានដុល្លារអាម៉េរិក ជា ឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគ មួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
សូមគូសបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៧១សេ បានបែងចែកជា ២ផ្នែក គឺផ្នែកខាងកើត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងផ្នែកខាងលិច ស្ថិតនៅក្នុងខេត្តកំពង់ចាម និងបានតភ្ជាប់គ្នាតាមរយៈ ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)។ ផ្លូវជាតិលេខ៧១សេនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជា ផ្នែកខាងកើត តភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ។
បច្ចុប្បន្ន ផ្លូវជាតិលេខ៧១សេ បាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹក ជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។
ជាងនេះទៀត ផ្លូវនេះ និងស្ពានមិត្តភាពកម្ពុជា-ចិន ដែលបានសាងសង់រួច ពិតជាបានតភ្ជាប់នូវក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋដែលរស់នៅកុះករក្នុងតំបន់នេះ ជាពិសេសភាពសុខដុមនីយកម្មខាងជំនឿសាសនា រវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិក ឥស្លាមកម្ពុជាឱ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំថែមទៀត តាមរយៈការប្រាស្រ័យ និងទំនាក់ទំនងពាណិជ្ជកម្មរួមគ្នាទៅវិញទៅមក៕