(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ រួចមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តរៀបចំការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅក្នុងរាជធានី-ខេត្តទាំង ២៥ទៀត នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ។

ថ្លែងក្នុងឱកាសចុះសម្របសម្រួលត្រួតពិនិត្យមើលការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ លោក យឿង កុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមចុះសម្របសម្រួល និងត្រួតពិនិត្យមើលការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត បានថ្លែងអំណរគុណដល់អនុគណ:កម្មការរៀបចំការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ល.ខ.ប ខេត្តកំពត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំការប្រឡងជ្រើសរើសនេះ ដោយអនុវត្តបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា នីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប។

លោកបានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥នេះ គឺជាដំណាក់កាលសំខាន់មួយក្នុងដំណើរការរៀបចំការបោះឆ្នោត នោះគឺការរៀបចំបញ្ជីបោះឆ្នោត ដែលធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។

ហេតុនេះ លោក យឿង កុសល បានផ្តាំផ្ញើដល់មន្ត្រីកិច្ចសន្យារយៈពេលខ្លីដែលបានប្រឡងជាប់ទាំងអស់ មេត្តាយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ គ.ជ.ប ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។

យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គ.ជ.ប នឹងផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល ២៦ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕