(ភ្នំពេញ)៖ លោក សម សេរី អតីតប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលរស់នីរទេសខ្លួននៅប្រទេសដាណឺម៉ាក បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បន្ទាប់ពីរស់នៅនីរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ លោកបានធ្វើដំណើរតាមយន្តហោះ ហើយចូលចតនៅព្រលានយន្តហោះខេត្តសៀមរាប។

ការវិលចូលប្រទេស មេដឹកនាំរដ្ឋាភិបាលនីរទេសនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោសឱ្យរូបលោក ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស លើសំណុំរឿងចំនួន ៦ករណី។

តាមបណ្តាញសង្គម លោក សម សេរី បានអះអាងថា ការវិលត្រឡប់របស់លោកនាពេលនេះ គឺដើម្បីចូលរួមលេងកំសាន្តឱកាសចូលឆ្នាំខ្មែរ ហើយលោកក៏បានអំពាវនាវកុំឲ្យយកឈ្មោះរបស់លោកទៅបង្កចលាចលផ្សេងៗ គឺលោកមិនទទួលខុសត្រូវទេ។

លោក សម សេរី គឺជាមេដឹកនាំក្រុមមួយដែលរស់នៅក្រៅប្រទេស ហើយតែងតែធ្វើចលនាប្រឆាំងរាជរដ្ឋាភិបាលខ្មែរ ជាច្រើនឆ្នាំកន្លងមក។ មុនពេលទទួលបានការលើកលែងទោស កាលពីថ្ងៃទី០៥ ខែមេសា លោក សម សេរី បានប្រកាសរំលាយ រណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលខ្លួនបានបង្កើតឡើង និងបានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕