(ត្បូងឃ្មុំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ប្រទេសចិន បានជួយសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា គិតជាប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ដែលបានប្រទាក់ក្រឡាទូទាំងប្រទេស។ ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន គ្មានអ្វីប្រែប្រួលនោះទេ ដោយស្តែងឡើងតាមរយៈសមិទ្ធផលជាច្រើនរួមមានផ្លូវ ស្ពាន ព្រមទាំងសមិទ្ធផលជាច្រើនកំពុងរីកដុះដាលលើទឹកដីកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយកសាងផ្លូវជាតិលេខ៧១C ជូនកម្ពុជា ដែលជាផ្លូវជាតិមួយដ៏មានសារៈសំខាន់ក្នុងការតភ្ជាប់ និងធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសចិន គឺជាមិត្តមួយមិនអាចខ្វះបានរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គម ទូទាំងប្រទេសកម្ពុជា។ ក្នុងនោះមិត្តចិន ត្រូវបានទទួលស្គាល់ថា ជាប្រទេសដៃគូលំដាប់ទី១ ដែលបាននឹងកំពុងផ្តល់ហិរញ្ញប្បទាន សម្បទាន និងជំនួយឥតសំណងជាច្រើន ជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅកម្ពុជា។
ក្នុងឱកាសថ្លែងសន្ទរកថាអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម តម្លៃ១៣៣លានដុល្លារ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «គិតដល់បច្ចុប្បន្ននេះ គឺមានទឹកប្រាក់សរុបជាង ៣ពាន់លានដុល្លារ សម្រាប់គាំទ្រដល់ការលើកកម្ពស់គុណភាពផ្លូវ ថ្នល់ និងការតភ្ជាប់ប្រទាក់ក្រឡានៅទូទាំងប្រទេស និងក្នុងតំបន់»។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ប្រសិនបើនិយាយពីទំនាក់ទំនងការទូត នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា និងចិន ត្រូវរៀបចំពិធីអនុស្សាវរីយ៍លើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរ ពោលគឺបានចាប់ផ្តើមពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ទំនាក់ទំនងកម្ពុជា និងចិន បន្តមានភាពល្អប្រសើរឡើងរហូតក្លាយជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅចុងខែធ្នូ ឆ្នាំ២០១០។
ជាមួយនឹងទំនាក់ទំនងស្អិតរមួត និងគោរពគ្នាទៅវិញ ទៅមករវាងកម្ពុជា និងចិន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា និងចិន ក៏បានកំណត់យកជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ដើម្បីបន្តរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អ រួមចំណែកបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជា-ចិន និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តងដារក្នុងយុគសម័យថ្មី។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលជាដៃគូដ៏សំខាន់គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ និងគ្រប់កាលៈទេសៈទាំងអស់ ដែលមិនមានលក្ខខណ្ឌស្មុគស្មាញ។ ជាពិសេសសូមអរគុណថ្នាក់ដឹកនាំចិន ដែលបានសន្យាផ្តល់ជំនួយឥតសំណង កម្ចីសម្បទាន បង្កើនការវិនិយោគ និងជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ខ្លាំងក្លា ជាមួយកម្ពុជា។
បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន គ្មានអ្វីប្រែប្រួលនោះទេ។ តាមរយៈសមិទ្ធផលជាច្រើនរួមមានផ្លូវ និងស្ពាន ព្រមទាំងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន បង្ហាញច្បាស់ពីចំណងទំនាក់ទំនងរឹងមាំរវាងកម្ពុជា- ចិន។ កម្ពុជា និងចិន នៅតែជាមិត្តល្អ នៅតែជាមិត្តដែលគោរពសិទ្ធិ និងអធិបតេយ្យជាតិនៃប្រទេសទាំងពីរទៅវិញទៅមក។
គួរឱ្យដឹងថា បើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រទេសចិនបានឈរលំដាប់លេខ ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ ៣.៤៥ពាន់លានដុល្លារអាមេរិក។ របាយការណ៍នេះបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៥០% នៃទុនវិនិយោគសរុបដែលកម្ពុជាទទួលបាន ៦.៩ពាន់លានដុល្លារអាមេរិក៕