(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានសម្រេចសម្របសម្រួលដីប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដើម្បីឲ្យក្រុមហ៊ុនមួយបង្កើតរោងចក្រផ្នែកកសិ-ឧស្សាហកម្ម។

ការលើកឡើងនេះ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ​៧១សេ ដែលមានតម្លៃ ១៣៣លានដុល្លារ តភ្ជាប់ពីត្បូងឃ្មុំ-កំពង់ចាម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ល្ងាចមិញនេះ ខ្ញុំទើបតែឯកភាពឲ្យមានការរៀបចំកែសម្រួលវិនិយោគជាង៦ពាន់ហិចតា ដែលក្រុមហ៊ុនមួយនៅស្ទឹងត្រែងនេះ ក្រុមហ៊ុនមួយវិនិយោគក្នុងការធ្វើកសិកម្ម ចឹងនឹងបង្កើតកសិកម្ម ហើយគ្រោងរៀបចំរោងចក្រអីនៅនោះ ទៅជាខេត្តកសិ-ឧស្សាហកម្ម»

សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា គ្រប់កន្លែងទាំងអស់នៅក្នុងប្រទេសកម្ពុជាពីមុនអាចនឹងឆ្ងាយពីគ្នាហើយដាច់ស្រយាល ដោយឡែក បច្ចុប្បន្ននេះ ឆ្ងាយប៉ុន្តែមិនដាច់ស្រយាលនោះទេ ពោលគឺនៅតាមតំបន់នីមួយៗមានភាពប្រទាក់ក្រឡាគ្នា តភ្ជាប់ពីរាជធានីទៅតាមបណ្ដាខេត្តទាំងអស់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងនឹងខិតខំធ្វើយ៉ាងណា ឲ្យកាន់តែខិតជិតបន្តទៀត​ កាន់តែឆ្ងាយកាន់តែរួមជិត តាមរយៈពេលធ្វើដំណើរ យើងមិនបង្រួមដីទេ ១៥០គីឡូនៅតែ១៥០គីឡូ ប៉ុន្តែធ្វើដំណើរកាន់តែលឿន ព្រោះមានផ្លូវច្រើនផ្លូវកាន់តែទំនើប ផ្លូវកាន់តែល្អ»

បើតាមការលើកឡើងរបស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី, តំបន់ភាគឦសានដែលមានខេត្តចំនួន ៤រួមមាន មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែងនេះ នឹងរៀបចំជម្រុញដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់ ដើម្បីបង្ខិតជិតគ្នាឲ្យបានដូចខេត្តផ្សេងៗដែរ៕