(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅចំពោះមុខ នៃបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម តម្លៃ១៣៣លានដុល្លារ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានភាពសេដ្ឋកិច្ចមិនស្រួលនោះទេ បងប្អូនបានតាមដានហើយសង្គ្រាមពាណិជ្ជកម្ម តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល ទោះបីជាកត្តាយ៉ាងណាក៏ដោយ យើងមិនអាចរត់ចោល យើងមិនអាចមិនប្រឈមនោះទេ យើងមិនអាចធ្វើមិនដឹងមិនឮទេ យើងត្រូវប្រឈមដើម្បីរកវិធីដោះស្រាយ ដោះឱ្យបានលឿនដោះឱ្យមានប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិរបស់យើង»

សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បានកើតឡើងជាថ្មីក្រោយពេលលោកដូណាល់ ត្រាំ បានដាក់ចេញនូវគោលនយោបាយដំឡើងពន្ធប្រទេសនានា ជាពិសេសសំដៅទៅប្រទេសចិន។ ត្រូវរយៈពេល១សប្តាហ៍ប៉ុណ្ណោះសហរដ្ឋអាមេរិក បានដំឡើងពន្ធគយលើទំនិញនាំចូលពីប្រទេសចិន រហូតដល់១៤៥ភាគរយ។ ជាការឆ្លើយតបនឹងវិធានការនេះ កាលពីថ្ងៃសុក្រ ទី១១ ខែមេសា រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានប្រកាសដំឡើងពន្ធសងសឹករហូតដល់ ១២៥ភាគរយ ទៅលើទំនិញនាំចូលពីសហរដ្ឋអាមេរិកវិញដែរ។

ការដំឡើងពន្ធនេះ ត្រូវបានសហរដ្ឋអាមេរិកបញ្ជាក់ថា ដោយសារឱនភាពពាណិជ្ជកម្ម ដែលប្រទេសទាំងនោះនាំចូលទៅសហរដ្ឋអាមេរិកច្រើនជាងអាមេរិកនាំទំនិញទៅកាន់ប្រទេសទាំងនោះ ខណៈដែលអ្នកវិភាកថា វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។

សម្រាប់កម្ពុជា សហរដ្ឋអាមេរិកបានប្រកាសដំឡើងរហូតដល់ ៤៩ភាគរយ ប៉ុន្តែអនុវត្តបណ្តោះអាសន្នត្រឹមតែ ១០ភាគរយប៉ុណ្ណោះ ដែលមានរយៈពេល៩០ថ្ងៃ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់តាំងក្រុមការងារដើម្បីចរចាជុំវិញបញ្ហាដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនេះដែរ។

ក្នុងពិធីដដែលនេះ សម្តេចមហាបវរធិបតី បានបញ្ជាក់ដែរថា «កន្លងទៅការចេញលិខិតសុំចរចា ការរៀបចំដើម្បីធ្វើកិច្ចការធានា ពិពិធកម្មសេដ្ឋកិច្ចរបស់យើង និងការបង្កើននៅមូលដ្ឋាន ធនធានមនុស្ស និងសេដ្ឋកិច្ចរបស់យើងនេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ធ្វើដើម្បីអ្វី គឺដើម្បីធានាសេដ្ឋកិច្ចឱ្យរីកចម្រើន សេដ្ឋកិច្ចរីកចម្រើនដើម្បីនរណា គឺដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា»