(សៀមរាប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម តំណាងកម្ពុជា បានសហការជាមួយជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំក្រុមអ្នកជំនាញកិច្ចការប្រកួតប្រជែងអាស៊ាន លើកទី៣៤ និងកិច្ចប្រជុំពាក់ព័ន្ធ (The 34th Meeting of the ASEAN Experts Group on Competition (AEGC) and Related Meetings)» នៅសណ្ឋាគារបុរីអង្គរ រីសត។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ក. និងលោកស្រី លី សុពណ៌វិជនី សមាជិក គ.ប.ក.។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដែលដឹកនាំដោយ លោកស្រី លី សុពណ៌វិជនី សមាជិក គ.ប.ក. និងជាប្រធាន AEGC ឆ្នាំ២០២៥ ដោយមានការអញ្ជើញ ចូលរួមពីមន្ត្រីជំនាញមកពីស្ថាប័ន ប្រកួតប្រជែងនានា ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ដៃគូអភិវឌ្ឍន៍ រួមមានគណៈកម្មាធិការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ។

លោក ផាន អូន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថា «កម្ពុជាពិតជាមានកិត្តិយសណាស់ ក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AEGC សម្រាប់ឆ្នាំ២០២៥ ដោយហេតុថាតួនាទីក្នុង ការរៀបចំកិច្ចប្រជុំនេះភ្ជាប់មកជាមួយនូវទំនួលខុសត្រូវ ក្នុងនាមជាសមាជិកអាស៊ាន និងឱកាសក្នុងការកសាង សមិទ្ធិផលរួមគ្នាសម្រាប់អាស៊ានរួមមាន៖ ការជំរុញការអភិវឌ្ឍរបបប្រកួតប្រជែងអាស៊ាន និងការពង្រឹងការប្រកួតប្រជែងដោយស្មើភាពក្នុងទីផ្សារ ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងកិច្ចសហការជិតស្និតក្នុងតំបន់»

ជាមួយគ្នានេះដែរ លោក ផាន អូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសថៃ ជាពិសេសលោក Raksagecha Chaechai សមាជិកគណៈកម្មាធិការប្រកួតប្រជែងថៃ និងជាប្រធាន AEGC ឆ្នាំ២០២៤ ចំពោះការដឹកនាំដ៏ឆ្នើមរបស់លោក ដែលសម្រេចបាននូវសមទ្ធិផលជាច្រើន ដើម្បីជំរុញការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។

ក្នុងនាមជាប្រធាន AEGC ឆ្នាំ២០២៥ កម្ពុជាបានដាក់ចេញនូវផែនការ សកម្មភាពអាទិភាព សម្រាប់ឆ្នាំ២០២៥ ដូចខាងក្រោម៖

ទី១៖ ការបញ្ចប់និងអនុម័ត នូវរាល់ផែនការសកម្មភាព ប្រកួតប្រជែងអាស៊ាន (ACAP) ឆ្នាំ២០២៥
ទី២៖ ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការប្រកួតប្រជែង (AFAC) នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន(AEM) លើកទី៥៧ នាពេលខាងមុខ
ទី៣៖ ការបញ្ចប់របាយការណ៍ ស្ទង់មតិថ្នាក់ជាតិស្តីពីការសង្កេតលើសន្ទស្សន៍ នៃការយល់ដឹងពីការប្រកួតប្រជែងធុរកិច្ចនៅក្នុងតំបន់អាស៊ានលើកទី២ (National Survey for the 2nd ASEAN Competition Business Perception Index - ACBPI)
ទី៤៖ ការរៀបចំនូវសន្និសីទ ស្ដីពីការប្រកួតប្រជែង អាស៊ាន (ACC) លើកទី១១ នៅប្រទេសសិង្ហបុរី
ទី៥៖ បង្កើនប្រសិទ្ធភាព នៃកិច្ចប្រជុំប្រធានស្ថាប័ន ប្រកួតប្រជែងអាស៊ាន (AHCA) ឱ្យក្លាយវេទិកាយុទ្ធសាស្ត្រមួយ ក្នុងការពង្រឹង និងការអភិវឌ្ឍន៍គោល នយោបាយនិងច្បាប់ ប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន។
ទី៦៖ ជំរុញឱ្យមានទំនាក់ទំនងកាន់តែរឹងមាំនៅក្នុង AEGC និងជាមួយដៃគូសន្ទនា។

គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំ AEGC លើកទី៣៤នេះ ក៏មានការរៀបចំកិច្ចប្រជុំសំខាន់ៗផ្សេងទៀតដូចជា៖ សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអនុវត្តផែនការសកម្មភាពប្រកួតប្រជែងអាស៊ាន (ACAP) ឆ្នាំ២០៣០ លើកទី២ និងកិច្ចប្រជុំ Project Steering Committee លើកទី២ (2nd PSC Meeting) ដែលរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យរដ្ឋជាសមាជិកអាស៊ានជំនាញការ និងដៃគូរអភិវឌ្ឍន៍ ពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវផែនការបន្ត ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ និងច្បាប់ប្រកួតប្រជែងផងដែរ៕