(សេអ៊ូល)៖ នាពេលដឹកនាំសន្និសីទប្រធានសភានៃអន្តរសភា (Inter Parliamentary Speakers’ Conference/ISC) នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យប្រកាន់យកនូវវិធីសាស្រ្ដកណ្តាលនិយម «Centrist Approach» នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងពី សារៈសំខាន់កាន់តែខ្លាំងឡើងនៃទំនាក់ទំនងការទូតសភា និងបានចង្អុលបង្ហាញពី តួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយបានអនុម័តនូវធម្មនុញ្ញសន្តិភាពសាកល ដែលជាគំនិតផ្តួចផ្តើមផ្តោតលើ សន្តិភាព និងភាពអត់ឱនជាសាកល។ ធម្មនុញ្ញសន្តិភាពសាកលនេះ ទទួលបានការគាំទ្រពី សភាទូទាំងពិភពលោក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអភិបាលកិច្ចកណ្តាល និងគោលនយោបាយការបរទេស។

ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់អំពី តម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកដឹកនាំសាកលជាថ្មី ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមវិជ្ជា។

សម្តេចរដ្ឋសភាធិបតី ក៏បានបង្ហាញពីកង្វល់ពី "ពហុវិបត្តិ Polycrisis" ដែលរួមមាន ការប្រឈមផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខ ជាដើម ដែលការនេះទាមទារឲ្យមានការឆ្លើយតបជាសកល តាមរយៈកិច្ចសហការរួមគ្នា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថា ខណៈពេលដែលតម្រូវឲ្យមានកិច្ចសហការគ្នាក្នុងការដឹកនាំកាន់តែសំខាន់បំផុតនោះ បែរជាសង្កេតឃើញមានកិច្ចសហការគ្នារវាងប្រទេសនិងប្រទេសបានថមថយទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្តឲ្យមានអភិបាលកិច្ចសកល ផ្អែកលើការជឿទុកចិត្ត ដោយផ្អែកលើលទ្ធផល និងយុទ្ធសាស្រ្តដោយផ្តោតលើប្រជាជន។ ជាមួយគ្នានេះ ការប្រកាន់យកវិធីសាស្រ្តនិយមកណ្តាល ទាំងជាតិ និងអន្តរជាតិ អាចស្តារទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ។

សម្តេចរដ្ឋសភាធិបតី បានជំរុញថា នយោបាយការបរទេសគួរតែត្រូវស្របទៅនឹងនយោបាយជាតិដើម្បីផ្ជាប់គម្លាតដែលមានក្នុងពេលច្ចុប្បន្ន។ នៅថ្នាក់ជាតិ និយមកណ្តាលផ្តល់នូវក្របខណ្ឌប្រកបដោយតុល្យភាព ដែលធ្វើឲ្យមានសុខុដុមនីយកម្មនៃសកលភាវូបនីយកម្មជាមួយមូលដ្ឋាននិយម និងសិទ្ធិរបស់ស៊ីវិលជាមួយនឹងសន្តិសុខ ដោយហេតុនេះ ការលើកកម្ពស់អភិបាលកិច្ចបរិយាបន្ន។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បង្ហាញថា នៅលើឆាកអន្តរជាតិ គោលនយោបាយនិយមកណ្តាលបានផ្តោតលើដំណោះស្រាយជាក់ស្តែង និងភាពជាដៃគូ ដែលមានគោលបំណងរួម ដែលអាចកសាងទំនុកចិត្តឡើងវិញក្នុងកិច្ចសហការអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា ក៏បានរំលេចពីមេរៀនប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយបានកត់សម្គាល់ថា ភាពជាដៃគូជាក់ស្តែង ដោយផ្តោតលើលទ្ធផល អាចនាំទៅរកលទ្ធផលដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក រួមចំណែកដល់សន្តិភាព ការអភិវឌ្ឍ និងអភិបាលកិច្ចសកល។

នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថ្នាក់ដឹកនាំសភា ដែលចូលរួមក្នុងកិច្ចប្រជុំនេះទទួលយកវិធីសាស្រ្តកណ្តាលនិយម និងគាំទ្រដល់ភាពជាដៃគូជាក់ស្តែងលើភាពរឹងប៉ឹងនៃមនោគមវិជ្ជា។

សម្តេចប្រធានរដ្ឋសភាកម្ពុជា គូសបញ្ជាក់ថា ទៅអនាគត គេបានទទួលស្គាល់ពីបញ្ហាប្រឈមនានានៅខាងមុខ ក៏ប៉ុន្តែបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើលទ្ធផលជាក់ស្តែង និងផ្អែកលើទំនុកចិត្ត។

សម្តេចរដ្ឋសភាធិបតី អំពាវនាវដល់សហគមន៍អន្តរជាតិប្រកាន់យកនូវវិធីសាស្រ្តកណ្តាលនិយម ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ដោយអះអាងថា តាមរយៈការទប់ស្កាត់ភាពជ្រុលនិយម និងទទួលយកលទ្ធិនិយមកណ្តាល ប្រទេសនានាអាចបង្កើតផ្លូវសហប្រតិបត្តិការឆ្ពោះទៅមុខ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ។

សូមជម្រាបថា កិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។ សន្និសីទប្រធានសភា នៃអន្តរសភ (ISC) ដែលបានដំណើរការក្នុងអំឡុងកិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា «យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ»៕