(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ថ្លែងពីវេទិកាអធិបតីរៀបចំកណ្តាលក្រុងព្រៃវែង ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ទៅកាន់អង្គពិធីថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយ នៅក្នុងឱកាសឆ្នាំថ្មីតាមរយៈការបន្តជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំនូវកម្មវិធីសង្ក្រាន្តចាប់ពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ក្រុងស្រុកខណ្ឌ ខណៈនៅខេត្តសៀមរាបមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំ រង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ។ 

សម្រាប់សង្ក្រាន្តព្រៃវែង, អភិសន្តិបណ្ឌិត បានរំឭកអំពីបទពិសោធរយៈពេលជាងដប់ឆ្នាំមុន ដែលឯកឧត្តមបានដឹកនាំរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តនៅមូលដ្ឋានស្រុកកម្រិតតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែអាស្រ័យដោយការគាំទ្រពីប្រជាពលរដ្ឋ ការគាំទ្រពីសប្បុរសជន និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កម្រិតនៃរដ្ឋបាលខេត្ត និងក្រុមការងារ ស.ស.យ.ក. សង្ក្រាន្តព្រៃវែងបានពង្រីកទ្រង់ទ្រាយកាន់តែធំ ដោយទទួលបងប្អូនប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះកកុញ់លើសពីការស្មាន។ 

ក្នុងន័យនេះ ឧត្ដមអភិសន្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្តព្រៃវែង និងនៅទូទាំងប្រទេសសូមយកចិត្តទុកដាក់លើការធ្វើចរាចរណ៍ប្រកបដោយសុខសុវត្ថិភាព កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។ អភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តដល់កងកម្លាំងនគរបាល និងអាជ្ញាធរបន្តខិតខំធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសណ្ដាប់ធ្នាប់ និងបានបំពេញបុណ្យ បំពេញកុសលសប្បាយរីករាយក្នុងឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅក្រោមម្លប់សន្តិភាព។ 

សូមបញ្ជាក់ថា សង្រ្កាន្តព្រៃវែងនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងមានកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុកការលេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត នៅសួនច្បារសម្តេច ជា ស៊ីម។ 

ក្រៅពីនេះក៏មានព្រឹត្តិការណ៍កម្សាន្តផ្សេងទៀត ដូចជា ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ។ល៕