(តាកែវ)៖ ស្ថិតនៅក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅអគារពហុបំណងភូមិតានន មានរៀបចំកម្មវិធី «សង្ក្រាន្តភូមិតានន» ក្រោមកិច្ចសហការ រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ដើម្បីសាទរដល់ឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំម៉្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។

ថ្លែងជម្រាបអង្គពិធីដែលមាន អ្នកចូលរួមអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំដូង ប្រជាជន សិស្សានុសិស្ស និងមិត្តចិនដែលអញ្ជើញមក ពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា មូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំកម្ពុជា សរុបចំនួន២០០នាក់ លោក លី សាវេត អភិបាលរងខេត្តតាកែវបានថ្លែងថា អ្នកភូមិតាននរៀបចំព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន ឆ្នាំ២០២៥ ដើម្បីបង្ហាញពីវឌ្ឍនភាព នៃការផ្លាស់ប្តូរមុខមាត់ថ្មី ប្រកបដោយការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងពោរពេញ ដោយបៃតងភាពរបស់ភូមិតាននក្នុងរយៈពេល៥ឆ្នាំ នៃដំណើរការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ ក្រោមកិច្ចសហការរវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាថ្ងៃនេះជា ការគូសរំលេចបន្ថែមពីការផ្សព្វផ្សាយ និងការចែករំលែកពី អរិយធម៌រាប់ពាន់ឆ្នាំ នៃពិធីសង្ក្រាន្តជូនដល់មិត្តចិន ដោយបានចូលមកកម្សាន្តដោយផ្ទាល់ និងរួមចំណែកចែករំលែកពីក្តីសប្បាយរីករាយរបស់ប្រជាជនកម្ពុជា ក្រោមម្លប់សុខសន្តិភាព នាសករាជតេជោ និងផ្លែផ្កានៃការអភិវឌ្ឍបន្តទទួលបានក្រោមការដឹកនាំរបស់សម្តេចធិបតី ដល់ប្រជាជនចិន និងមិត្តបរទេសនៅគ្រប់ទិសទី។

ឯកឧត្តមបានបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តភូមិតានន នឹងចូលរួមចំណែកពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន តាមរយៈការស្វែងយល់ កោតសរសើរ និងផ្តល់តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់គ្នាទៅវិញទៅមករវាងប្រជាជន នៃប្រទេសយើងទាំងពីរ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានឆ្លៀតយកឱកាសនេះ ណែនាំក្រុមហ៊ុនចិន មកជួបផ្ទាល់ជាមួយ ម្ចាស់កសិផលដែលជាអ្នកភូមិតានន ហើយឯកឧត្តមក៏បានស្វាគមន៍ដល់មិត្តចិន មកទស្សនាភូមិតាននដើម្បីបង្កើនការរួមចំណែក ចាក់បញ្ចូលនៃការអភិវឌ្ឍដល់ ភូមិតានននិយាយដោយឡែក ដល់ឃុំដូងនិយាយរួម។

លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងថា សង្ក្រាន្តភូមិតាននជាគីឡូម៉ែត្រចេញដំណើររបស់ជនជាតិចិន ផ្តើមយល់កាន់តែស៊ីជម្រៅពីវប្បធម៌ខ្មែរទាក់ទងនឹងសង្ក្រាន្ត ដោយរួមមានទាំងការលេងកម្សាន្ត នូវល្បែងប្រពៃណីខ្មែរជាច្រើន ដោយឆ្ពោះទៅចូលរួមសាទរអង្គរសង្ក្រាន្ត នៅក្នុងតំបន់អង្គរ។ លោកនឹងយកឱកាសនៃព្រឹត្តិការណ៍នេះ ទាក់ទាញមិត្តភក្តិ ក្រុមគ្រួសារ និងជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា។

លោក Feng Ziquan អគ្គលេខាធិការសមាគមពាណិជ្ជកម្មចិនហ្វូជៀនប្រចាំកម្ពុជា បានចូលរួមអបអរសាទរ នឹងវឌ្ឍនភាពនៅភូមិតានន ហើយលោកនឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរួមចំណែកជាស្ពាននាំយក កសិផលរបស់ភូមិតាននដល់ដៃ របស់សមាគមពាណិជ្ជកម្មចិននានា ក្នុងប្រទេសកម្ពុជា។ លោកក៏នឹងបន្តការទាក់ទាញមិត្តចិន កាន់តែច្រើនមកកាន់ភូមិតានន ដើម្បីរួមចំណែកបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន